លោក លី ច័ន្ទតុលា នឹងត្រូវរៀបចំពិធីប្រកាសចូលកាន់ តំណែងប្រធានគណៈមេធាវី អាណត្តិទី១៤ នៅព្រឹកស្អែក

(ភ្នំពេញ)៖ ការធ្វើសន្និសីទសារព័ត៌មាន ស្តីពីការប្រកាសចូលកាន់តំណែងរបស់ប្រធានគណៈមេធាវីអាណត្តិទី១៤ និងផែនការ និងទិសដៅការងារក្នុងអាណត្តិទី២ របស់ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីអាណត្តិទី១៤ នឹងត្រូវរៀបចំឡើង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ។
សេចក្តីជូនដំណឹង ដែលបណ្តាញ Cpns News ទទួលបាន គឺបញ្ជាក់ថា សន្និសីទសារព័ត៌មាន នឹងរៀបចំឡើងនៅវេលាម៉ោង ១០៖៣០នាទីព្រឹក នៅក្នុងទីស្នាក់ការគណៈមេធាវី ដើម្បីជម្រាបជូនអំពី៖
១៖ ការប្រកាសចូលកាន់តំណែងបន្តជាប្រធានគណៈមេធាវីអាណត្តិទី១៤ របស់ លោក លី ច័ន្ទតុលា។
២៖ ផែនការ និងទិសដៅការងារក្នុងអាណត្តិទី២ របស់លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីក្នុងអាណត្តិទី១៤។
លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា អាណត្តិទី១៣ បានបន្តជាប់ឆ្នោតជាប្រធានគណៈមេធាវីកម្ពុជា អាណត្តិទី១៤ ក្រោយការបោះឆ្នោតត្រូវបានធ្វើឡើង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ចាប់ពីម៉ោងប្រមាណ ៩៖៣០ព្រឹក ដល់ម៉ោងប្រមាណ ១២៖៣០នាទីថ្ងៃត្រង់។ លោក លី ច័ន្ទតុលា ទទួលបានសំឡេងឆ្នោតសរុបដ៏ច្រើនលើសលប់រហូតដល់ទៅ ២០១៦ ឬស្មើនឹង ៩៨.៥៨% ។
ការបោះឆ្នោតនេះ គ្មានបណ្តឹងតវ៉ា និងមិនមានបាតុភាពមិនប្រក្រតីកើតឡើងនោះឡើយ។ មានមេធាវីទៅបោះឆ្នោតចំនួន ២០៤៥រូប ក្នុងនោះអ្នកទៅបោះឆ្នោតផ្ទាល់ ១៦៤០រូប និងអ្នកបោះឆ្នោតតាមរយៈការប្រគល់សិទ្ធិ ៤០៥រូប។ ក្នុងចំណោមសន្លឹកឆ្នោតទាំងអស់ មានសន្លឹកឆ្នោតបានការ ២០១៦សន្លឹក ខណៈ ២៩សន្លឹក ជាសន្លឹកឆ្នោតមិនបានការ។
ប្រធានគណៈមេធាវីមានអាណត្តិ ២ឆ្នាំ ហើយលោក លី ច័ន្ទតុលា បានក្លាយជាប្រធានគណៈមេធាវី នៅឆ្នាំ២០២១ ខណៈឆ្នាំ២០២២នេះ ជាឆ្នាំទី២ នៃអាណត្តិទី១ របស់លោក៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram