វិសាខា ប៉ះបឹងកេត នៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២២
(ភ្នំពេញ)៖ ក្រុមការពារតំណែងជើងឯកវិសាខា និងក្រុមបឹងកេត បានឡើងជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup)-ថ្នាក់ជាតិ លើកទី១៦ ឆ្នាំ២០២២ បន្ទាប់ពីបន្ដយកឈ្នះគូប្រកួតរៀងៗខ្លួន នៅក្នុងការប្រកួតវគ្គពាក់ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។
សម្រាប់ក្រុមវិសាខា បានទម្លាក់ក្រុមភ្នំពេញក្រោន ក្នុងលទ្ធផល ៤-២ សម្រាប់ជំនួប ២ជើង បន្ទាប់ពីពួកគេ បន្ដយកឈ្នះក្រុមភ្ញៀវសិង្ហក្រហមនេះ ២-១ ក្នុងជើងទី២ នៅរាត្រីថ្ងៃពុធនេះ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមជើងឯក ២សម័យនេះធ្វើបានសម្រេចដោយកីឡាករ រ៉ឹង ប៊ុនហៀង នៅនាទី១៦ និងនាទី៤០ ខណៈ ១គ្រាប់របស់ភ្នំពេញក្រោន រកបានដោយកីឡាករ អ៊ន ចាន់ប៉ូលីន នៅនាទី៩០+២។ កាលពីជើងទី១ វិសាខា ក៏បានយកឈ្នះភ្នំពេញក្រោន ២-១ ផងដែរ។
ឯក្រុមបឹងកេត បានទម្លាក់ក្រុមអគ្គិសនីកម្ពុជា ក្រោយយកឈ្នះទាំង ២ជើង ក្នុងលទ្ធផល ៥-០។ សម្រាប់ជំនួបកាត់សេចក្ដី ជើងទី២ នៅល្ងាចថ្ងៃនេះរ បឹងកេត បានយកឈ្នះ ២-០ លើទឹកដីអគ្គិសនីកម្ពុជា ដែលធ្វើសម្រេចដោយកីឡាករ សេត រ៉ស៊ីប ១គ្រាប់ និង សៀង ចន្ធា ១គ្រាប់ បន្ទាប់ពីពួកគេ បានយកឈ្នះក្នុងដី កាលពីជើងទី១ ដោយលទ្ធផល ៣-០។
ជ័យជម្នះនេះ បានធ្វើឲ្យក្រុមវិសាខា និងបឹងកេត ដឹកដៃគ្នាឡើងវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ ដែលការប្រកួតកាត់សេចក្ដីរកក្រុមជើងឯកនេះ គ្រោងធ្វើឡើងនាថ្ងៃទី០៦ ខែវិច្ឆិកាខាងមុខ។ រីឯក្រុមចាញ់ ពោលគឺក្រុមភ្នំពេញក្រោន និងអគ្គិសនីកម្ពុជា ក៏ត្រូវប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ នៅថ្ងៃជាមួយគ្នានោះផងដែរ៕








