អតីតយុទ្ធជនពិការនៅឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ទទួលផ្ទះថ្មី ជាអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី បានទៅប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនអតីតយុទ្ធជនពិការនៅភូមិស្វាយម្សៅ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លោកពលបាលឯក សយ សុខ អាយុ៥១ឆ្នាំ ចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៦ នៅវរសេនាតូចលេខ៦ ខេត្តបាត់ដំបង ហើយបានត្រូវរងរបួសពិការជើងខាងស្តាំនៅឆ្នាំ១៩៩១ ពេលដែលប្រយុទ្ធនៅសមរភូមិកំរៀង ខេត្តបាត់ដំបង ដោយបានជាន់គ្រាប់មីនបណ្តាលឲរបួសពិការជើងមកដល់សព្វថ្ងៃនេះ ។
លោកពលបាលឯក សយ សុខ មានភរិយា និងកូននៅក្នុងបន្ទុកគ្រួសារសរុបចំនួន៦នាក់ ដោយជីវភាពលំបាកខ្វះខាត និងមិនមានលទ្ធភាពក្នុងការសាងសង់ជម្រកស្នាក់នៅឲ្យបានសមរម្យ ដោយឃើញពីការ លំបាកនេះ អាជ្ញាធរដែនដី និងក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានសុំការសម្រេចសាងសង់ផ្ទះថ្មីខ្នងទី២១៦ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត តាមរយៈទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម ជូនគាត់ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់ក្រុមគ្រួសារអតីតយុទ្ធជនពិការ និងប្រជាពលរដ្ឋទាំងអស់ សូមរួមគ្នាចូលរួមអនុវត្តន៍នូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ពិសេសត្រូវចូលរួមក្នុងការលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់យើង ដោយផ្តើមចេញពីយើងទាំងអស់គ្នា និងក្រុមគ្រួសារនីមួយៗ គ្មានអ្នកប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ និងត្រូវខិតខំដាំដំណាំ ចិញ្ចឹមសត្វ ព្រមទាំងប្រកបមុខរបររកទទួលទានដោយសុច្ចរិតទៀងត្រង់ ជាមួយនេះដែរត្រូវបន្តអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ បីការពារនិងបីកុំ របស់សម្តេចតេជោ ហ៊ុន សែន ។
ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន ៖ អង្ករចំនួន ៥០គីឡូក្រាម មីចំនួន២កេស ទឹកត្រី ទឹកស៊ីអ៊ីវចំនួន២យួរ ទឹកសុទ្ធចំនួន ០១ កេស ត្រីខ ចំនួន ០១យួរ និងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយមានដូចជា ឆ្នាំង ចាន ស្លាបព្រា ចានដែក និងសម្ភារៈផ្សេងៗទៀតព្រមទាំងថវិកាមួយចំនួនផងដែរ។
លោក សយ សុខ អតីតយុទ្ធជនពិការនិងក្រុមគ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត និងសូមគោរពជូនពរចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោក ហ៊ុន ម៉ាណែត និងលោកស្រី រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សូមបានជួបតែនិងពុទ្ធពរទាំងប្រាំប្រការ កុំបីឃ្លៀងឃ្លាតឡើយ និងបានប្តេជ្ញាចិត្តបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន លុះអវសាន្តជីវិត៕












