គួរអោយអាសូរណាស់កូនក្មេងតូចៗនាំគ្នារុញទ្វាររបងលេងទៅវិញទៅមក ស្រាប់តែរបូតគន្លឹះរលំសង្កត់ស្លាប់ម្នាក់ របួសម្នាក់…

ខេត្តកណ្តាល៖ កុមារាម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសស្រាល ដោយសារត្រូវទ្វាររបងដែករលំសង្កត់ពីលើ គ្រាដែលពួកគេ រួមនឹងក្មេងៗប៉ុន្មាននាក់ទៀតនាំគ្នារុញទ្វាររបងនោះលេងទៅមកៗ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។


សមត្ថកិច្ចបានឲ្យដឹងថា កុមារាដែលបាត់បង់ជីវិតដោយសារត្រូវទ្វារលំសង្កត់ខាងលើឈ្មោះ រុន ចំរុង អាយុ០៩ ឆ្នាំជនជាតិខ្មែរ។ ចំណែកម្នាក់ទៀតរងរបួសស្រាលឈ្មោះ ភារ៉ា ឆៃរ៉ាត់ អាយុ១០ឆ្នាំ។ កុមារាទាំងពីរនាក់ មានទីលំនៅក្នុងភូមិ-ឃុំ កើតហេតុជាមួយគ្នា។
សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២០ កុមារារងគ្រោះទាំងពីរនាក់ រួមនឹងក្មេងៗប្រមាណ៤-៥នាក់ទៀត បាននាំគ្នាមកលេងនៅក្នុងដីឡូរ៍ របស់ជីតាឈ្មោះ ឆោម ឈាង ដោយពួកគេបាននាំគ្នារុញទ្វាររបងលេងទៅមកៗ ធ្វើឲ្យផុតគន្លឹះខ្ទាស់ទ្វារ បណ្ដាលឲ្យរលំសង្កត់ពីលើក្មេងប្រុស២នាក់ខាងលើ បណ្តាលឲ្យស្លាប់ម្នាក់ របួសស្រាលម្នាក់។


តាមការបំភ្លឺរបស់ឈ្មោះ សយ ស្រីនាង ភេទស្រី អាយុ២៩ឆ្នាំមុខរបរលក់ ដូរមានទីលំនៅជាប់ផ្ទះកើតហេតុ បានបញ្ចាក់ថា មុនពេលកើតហេតុ ខ្លួនបានឃើញក្មេងៗមានគ្នាមួយក្រុមចូលទៅក្នុងដីឡូតិ៍ជាប់ផ្ទះរបស់ខ្លួន បានមួយសន្ទុះក្រោយមកមានឮ សំលេងគ្រាំង ខ្លួន និងប្ដីក៏បានទៅមើលឃើញទ្វាររបងដែករលំសង្កត់ក្មេង ពេលនោះប្ដីខ្លួនបានហៅអ្នកជិតខាងឲ្យជួយគាស់លើកទ្វារទាញយកក្មេងចេញ ឃើញមានស្នាមបែកក្បាលផុងលលាដ៏ ដោយមិនមានកំរើក និងដកដង្ហើមទេ ហើយប្ដីខ្លួនក៏បានលើកបីក្មេងរងគ្រោះរត់ឆ្លងផ្លូវយកទៅដាក់លើគ្រែក្រោមផ្ទះក្មេងរងគ្រោះ រួចទូរស័ព្ទរាយការណ៍ឲ្យសមត្ថកិច្ច។


ក្រោយទទួលព័ត៌មាន សមត្ថកិច្ចបានដល់ដើម្បីពិនិត្យ ក្រោយពិនិត្យរួចឃើញថា ក្មេងរងគ្រោះ ពិតជាស្លាប់ដោយរលំទ្វារសង្កត់ពិតប្រាកដមែន។ ចំពោះសាកសព សមត្ថកិច្ចបានប្រគល់ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram