IBA អនុញ្ញាតឲ្យកីឡាករប្រដាល់រុស្ស៊ី និងបេឡារុស វិលត្រឡប់ចូលប្រកួតវិញ

(ឡុងដ៍)៖ សមាគមកីឡាប្រដាល់អន្តរជាតិ (IBA) ដែលដឹកនាំដោយរុស្ស៊ី នៅថ្ងៃពុធ បានលុបចោលការហាមឃាត់លើកីឡាករប្រដាល់ស្ម័គ្រចិត្តមកពីប្រទេសរុស្ស៊ី និងបេឡារុស ហើយបានលើកឡើងថា ខ្លួននឹងអនុញ្ញាតឲ្យពួកគេចូលរួមប្រកួត ជាមួយនឹងទង់ និងភ្លេងជាតិ នៅក្នុងព្រឹត្តិការណ៍ទាំងឡាយ ជាមួយនឹងប្រសិទ្ធិភាពភ្លាមៗ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។

ស្ថាប័នគ្រប់គ្រងកីឡាប្រដាល់ពិភពលោក ដែលបានធ្វើផ្ទុយនឹងអ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកមួយនេះបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមប្រឹក្សារបស់ខ្លួនបានបោះឆ្នោតដើម្បីធ្វើការផ្លាស់ប្តូរ។
ក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom គឺជាម្ចាស់ឧបត្ថម្ភធំជាងគេរបស់ IBA ដែលពីមុនគេស្គាល់ថា AIBA។
«IBA ជឿជាក់យ៉ាងខ្លាំងថា នយោបាយ មិនគួរមានឥទ្ធិពលណាមួយទៅលើវិស័យកីឡានោះទេ។ អត្តពលិកទាំងអស់គួរតែទទួលបានលក្ខខណ្ឌស្មើគ្នា»។ នេះបើតាម IBA បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍។
«ទាំងក្រុមរុស្ស៊ី និងបេឡារុស នឹងអាចចូលរួមប្រកួត ស្ថិតក្រោមទង់ជាតិរបស់ពួកគេ ហើយភ្លេងជាតិនឹងត្រូវបន្លឺឡើង ក្នុងករណីពួកគេឈ្នះមេដាយមាស»។
សូមជម្រាបថា អត្តពលិក អាជ្ញាកណ្តាល និងចៅក្រមមកពីប្រទេសទាំងពីរ ត្រូវបានហាមឃាត់ ចាប់តាំងពីខែមីនាពីការប្រកួតអន្តរជាតិរបស់ IBA បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី កាលពីខែកុម្ភៈ លើប្រទេសអ៊ុយក្រែន៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram