ភរិយានាយឧត្តមសេនីយ៍ ហុក ឡុងឌី ធ្វើបុណ្យបង្សុកូលឧទ្ទិសកុសលជូនដល់បុព្វការីជននាឱកាសបិណ្ឌទី៨

(ស្វាយរៀង)៖ លោកស្រី ម៉ែន ភក្តី ហុកឡងឌី និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោកស្រី ព្រមទាំងកូនចៅ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ បានចូលរួមបង្សុកូលឧទ្ទិសកុសលជូនដល់បុព្វការីជន ពិសេសឧទ្ទិសកុសលជូនវិញ្ញាក្ខន្ធលោកនាយឧត្តមសេនីយ៍ ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ នៅចេតិយតម្កល់អដ្ឋិធាតុ ស្ថិតក្នុងបរិវេណវត្តតាជៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។


សូមបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌគ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយតែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះគឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នារបស់ជនជាតិខ្មែរជាយូរមកហើយ។
នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌទី៨នេះ លោកស្រី ម៉ែន ភក្ដី ហុកឡងឌី និងលោកអភិបាលខេត្ត លោក ហ៊ុន ម៉ានិត ត្រូវជាកូនប្រសារ បានប្រគេនបច្ច័យសម្រាប់កសាងវត្តចំនួន១,៧៥០ដុល្លារ បច្ច័យសម្រាប់ប្រគេនព្រះសង្ឃចំនួន៧០០,០០០រៀល និងទេយ្យទានមានដូចជាអង្ករ៩បាវធំ ទឹកដោះគោ៤កេះធំ ត្រីខ៤កេះធំ មី៤កេះធំ ទឹកសុទ្ធវីតាល់ និងសម្ភារផ្សេងៗទៀត ព្រមទាំងបានជូនថវិកា និងសារុង ក្រមា ដល់លោកយាយលោកតា ប្រជាពលរដ្ឋចំនួន១០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៤០,០០០រៀល និងជូនថវិកាដល់កម្លាំងមានសមត្ថកិច្ច កម្លាំងប្រជាការពារចំនួន១៥នាក់ ម្នាក់ៗទទួលបានសារុង ក្រមា និងថវិកា៨០,០០០រៀលផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram