អត្តពលិកកម្ពុជា ១២ប្រភេទកីឡា នឹងចេញទៅហាត់នៅចិន នាសប្ដាហ៍ក្រោយ
(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឲ្យដឹងថា បើគ្មានការប្រែប្រួលនោះទេ កម្ពុជានឹងបញ្ជូនអត្តពលិក ១២ប្រភេទកីឡា ស្មើនឹង ១៦១នាក់ ទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេលយូរនៅថ្ងៃទី១៥ ខែកញ្ញាសប្ដាហ៍ក្រោយនេះ ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា នាឆ្នាំក្រោយ។

ការបោះជុំរុំហ្វឹកហាត់រយៈពេលវែងខាងលើ ធ្វើឡើងក្រោមជំនួយឥតសំណងលើការហ្វឹកហាត់របស់កីឡាករ-កីឡាការិនី ជម្រើសជាតិកម្ពុជា រវាងរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា ។ គម្រោងនេះ បានកើតឡើងតាំងពីជិត ២ឆ្នាំមុន តែត្រូវបានខកខានជាយូរ ដោយសារបញ្ហាកូវីដ-១៩ ក៏ដូចជាការរឹតត្បិតការចេញចូលនៅចិន តែធ្វើឲ្យគម្រោងនេះ ត្រូវពន្យាពេលរហូតមកទល់បច្ចុប្បន្ន។
លោកបន្ដថា «ឥឡូវនេះយើងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC រួចហើយ ថា នឹងអនុញ្ញាតឲ្យចេញឆាប់ៗនេះហើយ ព្រោះពេលវេលាយើងមិនអាចចាំបានយូរ។ យើងខំពន្លឿននូវកិច្ចការនេះ ដើម្បីឲ្យទាន់ការអភិវឌ្ឍបច្ចេកទេសរបស់គាត់។ អ៊ីចឹងត្រៀមចេញនៅថ្ងៃទី១៥ នេះហើយ និងបានការទាក់ទងគ្នាស្រួលបួលអស់ហើយ។ បើមិនមានអ្វីប្រែប្រួលទេគឺយើងនឹងធ្វើពិធីបញ្ជូនកីឡាករ កីឡាការិនីរបស់យើង ទៅនៅថ្ងៃទី១៥ នេះហើយ»។
ប៉ុន្ដែតាមគម្រោង មុនចាកចេញ ក៏នឹងមានរៀបចំពិធីមួយជាមួយស្ថានទូតចិនប្រចាំប្រទេសកម្ពុជា ដើម្បីអបអរសាទរកិច្ចសហប្រតិបត្តិការនេះផងដែរ ព្រោះជាកម្មវិធីជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ប្រជាជនចិន ចំពោះកីឡាករ កីឡាការិនីកម្ពុជា។
លោក វ៉ាត់ ចំរើន បន្ថែមថា «ទំហំនៃជំនួយនេះធំ ដោយសារតែការហ្វឹកហាត់ត្រូវចំណាយច្រើន ហើយមិនមែនតែពេលហ្នឹងទេ។ តាមពិតយើងត្រូវហ្វឹកហាត់ ២ឆ្នាំមុន អ៊ីចឹងគម្រោង ២ឆ្នាំមុន បានខ្លីមកសល់តែ ៧, ៨ខែ ប៉ុន្តែ៧, ៨ខែនេះចប់ គម្រោងសម្រាប់គម្រោងដែលយើងអត់បានអនុវត្តពី១ឆ្នាំជាងហ្នឹង ត្រូវបន្តទៅទៀត។ អ៊ីចឹងអាចឲ្យកីឡាករ កីឡាការិនីយើង ក្រោយពីស៊ីហ្គេមហើយ ក៏នៅតែទទួលបានការបណ្ដុះបណ្ដាលជំនាញកីឡាកម្រិតខ្ពស់នេះបន្តទៅទៀត»។
គួរដឹងថា ក្នុងជុំរុំហ្វឹកហាត់នៅចិន គឺរដ្ឋាភិបាលចិន នឹងជួយឧបត្ថម្ភគាំទ្រដល់ការហ្វឹកហាត់នេះទាំងស្រុង ទាំងសំបុត្រយន្ដហោះ ទាំងការស្នាក់នៅហូបចុក ទាំងការព្យាបាល ទាំងការថែទាំសុខភាពជាដើម ។ ចំពោះកីឡាទាំង ១២ប្រភេទ ដែលត្រូវចេញទៅហាត់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នេះ រួមមាន ប្រតិភូដឹកនាំ ២នាក់, កាយសម្ព័ន្ធ (១១នាក់), យូដូ (៥នាក់), វូស៊ូ (១០នាក់), បាល់បោះ (១៥នាក់), វាយកូនឃ្លីលើតុ (១០នាក់), អត្តពលកម្ម (២០នាក់), ចំបាប់ (១៥នាក់), វាយសី (១២នាក់), ហែលទឹក (១១នាក់), លើកទម្ងន់ (១០នាក់), បាល់ទាត់-នារី (២៥នាក់) និងបាល់ទះ (១៥នាក់)៕







