លោក Marco Rose ជំនួសតំណែងលោក Tedesco ជាគ្រូបង្គោលក្លិប RB Leipzig

(ប៊ែរឡាំង)៖ ក្លិប RB Leipzig បានតែងតាំងលោក Marco Rose ជាគ្រូបង្គោលថ្មី នៅថ្ងៃព្រហស្បតិ៍ មួយថ្ងៃបន្ទាប់ពីបានដកលោក Domenico Tedesco ចេញពីតំណែង ជាមួយនឹងក្លិបដែលលេងនៅលីគ Bundesliga មួយនេះ ស្ថិតនៅលំដាប់ថ្នាក់ទី១១ ក្នុងលីគ ដោយបានឈ្នះតែ ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ៥ប្រកួតដំបូងរបស់ខ្លួន នៅក្នុងលីគនារដូវកាលនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២។

លោក Rose វ័យ ៤៥ឆ្នាំ ដែលធ្លាប់ជាគ្រូបង្គោលក្លិប Borussia Moenchengladbach និង Borussia Dortmund រូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ឆ្នាំ។ នេះបើតាមការបញ្ជាក់ពីក្លិប។
លោក Tedesco បានចូលកាន់តំណែង កាលពីខែធ្នូឆ្នាំមុន និងបានជួយ RB Leipzig ឡើងពីលំដាប់ថ្នាក់ទី១១ ទៅកាន់លំដាប់ថ្នាក់ទី៤ និងបានឡើងទៅលេងពាន Champions League ផងដែរ។ លោកក៏បានដឹកនាំក្រុមដណ្តើមបានពានរង្វាន់ធំលើកដំបូង នៅព្រឹត្តិការណ៍ German Cup ផងដែរ។
ប៉ុន្តែ RB Leipzig បានទទួលជ័យជម្នះតែមួយប្រកួតប៉ុណ្ណោះ ពី៥ប្រកួតក្នុងលីគ Bundesliga របស់ពួកគេ ដែលក្នុងនោះ រួមទាំងការចាញ់ ៤-០ ក្រោមថ្វីជើងក្រុម Eintracht Frankfurt កាលពីសប្តាហ៍មុនផងដែរ។
លោក Rose នឹងដឹកនាំក្រុមជាលើកដំបូងនៅក្លិប Leipzig ក្នុងការប៉ះនឹងក្រុម Dortmund នៅថ្ងៃសៅរ៍សប្តាហ៍នេះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram