ពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់រលំផ្ទះ នៅស្រុកស្រីស្នំ ទទួលបានអំណោយមនុស្សធម៍ពីសាខាកាកបាទក្រហមខេត្តសៀម

(សៀមរាប)៖ លោកស្រី ចាន់ សួយ អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារនាំយកអំណោយមនុស្សធម៌ ប្រគល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បណ្តាលឲ្យរលំផ្ទះ១ខ្នង កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ដែលគ្រួសាររងគ្រោះ មានឈ្មោះ សាន ចិន្តា ភេទប្រុស អាយុ២៨ឆ្នាំ ប្រពន្ធឈ្មោះ អូ មឿយ អាយុ២៧ មានសមាជិក០៤នាក់ ស្រី០៣នាក់ នៅភូមិក្រូចចារ ឃុំប្រីយ៍ ស្រុកស្រីស្នំ ខេត្តសៀមរាប។
ក្នុងឱកាសនោះលោកស្រី ចាន់ សួយ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសោកស្តាយ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលតែងតែយកចិត្តទុកដាក់គិតគូ ចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់រូបដោយមិនប្រកាន់ វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ដូចដែលលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោលឡើយ។
លោកស្រីអនុប្រធាន និងសហការី បានចូលរួមការសោកស្តាយ និងផ្តាំផ្ញើដល់ក្រុមគ្រួសាររងគ្រោះ និងប្រជាពលរដ្ឋដែលបានចូលរួមឲ្យចេះថែរក្សាសុខភាពឲ្យបានល្អ និងសូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់នាពេលរដូវមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ដោយឡែកចំពោះកូនតូចៗកុំមានការទ្វេសប្រហែសនឹងខ្សែភ្លើង ស្រះទឹកនៅក្បែរផ្ទះ ដើម្បីកុំឲ្យមានហេតុការណ៍ដ៏អាក្រក់នៅពេលក្រោយចំពោះកូនចៅ ព្រមទាំងត្រូវថែរក្សាសុខភាព ប្រសិនបើបងប្អូន កូនមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ សូមប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ផ្តល់ជូនរួមមាន៖ អង្ករ២៥គីឡូក្រាម ភួយ១ មុង១ ក្រមា១ សារុង១ ស័ង្កសី១០សន្លឹក និងថវិកា១សែនរៀលផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram