ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ថ្លែងអំណរគុណអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានជួយបរិច្ចាគផ្ទះគំរូ២០ខ្នង ជូនរាជរដ្ឋាភិបាល ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋ នៅភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ តាមរយៈអង្គភាពព័ត៌មាន Cpns News បានសម្តែងនូវការថ្លែងអំណរគុណដល់អ្នកឧញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកបុរី ឡេង ណាវ៉ាត្រា ដែលប្រកាសបរិច្ចាគផ្ទះគំរូ២០ខ្នង ជូនរាជរដ្ឋាភិបាល ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋ នៅភូមិធម្មជាតិរុនតាឯក ខេត្តសៀមរា។


ការថ្លែងអំណរគុណនេះ ធ្វើឡើងបន្ទាប់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មហាសេដ្ឋីដ៏ល្បីឈ្មោះ និងជាអ្នកឧកញ៉ាចិត្តធម៌នៅកម្ពុជា នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានប្រកាសបរិច្ចាគផ្ទះគំរូ២០ខ្នង ជូនរាជរដ្ឋាភិបាល ភ្លាមៗក្រោយពីអ្នកឧកញ៉ា បានឃើញលោកឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា ចង់ឲ្យក្រុមហ៊ុនសាងសង់ផ្ទះមួយ ទៅផ្សាយគំរូផ្ទះនៅភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប ទីដែលពលរដ្ឋបានស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ ចេញពីតំបន់រណីយដ្ឋានអង្គរ ហើយទទួលបានដីឡូតិ៍ ដែលផ្តល់ពីរាជរដ្ឋាភិបាលនៅតំបន់នោះ។
សូមជម្រាបថា រាជរដ្ឋាភិបាលបានផ្តល់ឲ្យប្រជាពលរដ្ឋ ដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ចេញពីតំបន់រណីយដ្ឋានអង្គរ ទៅចាប់ឆ្នោតជ្រើសរើសដីឡូតិ៍ នៅតំបន់រុនតាឯក ក្នុងមួយគ្រួសារទទួលបានដីចំនួន ១ឡូតិ៍ ទំហំ ២០ ម៉ែត្រ x ៣០ ម៉ែត្រ។
ក្រុមការងារអន្តរក្រសួងដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាននិងកំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram