ហួសចិត្ត! សង្ស័យអាងខ្សែជាមហាទេពស្មើមេឃ! បានជាម្ចាស់រថយន្តដឹកដី ដែលបើកបំពានច្បាប់បុកគេស្លាប់ម្នាក់ និងរបួសធ្ងន់ពីរនាក់ បោះលុយត្រឹម៥០០០$ សងគ្រួសារជនរងគ្រោះ បញ្ចប់រឿង
កំពត៖ សំណុំរឿងករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តដឹកដីធុនធ្ងន់ បើកបរបំពានច្បាប់ បុករថយន្ត LEXUS បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ពីរនាក់ កាលពីល្ងាច ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ លើផ្លូវជាតិលេខ៣ ចំណុចទីប្រជុំជនស្ពានស្រះប៉ោង ក្នុងភូមិបឹងតារោម ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត បានលេចភាពមិនប្រក្រតីជាបណ្តើរហើយ ខណៈរយៈពេល២០ក្នុងដៃសមត្ថកិច្ច គ្រួសាររងគ្រោះបានត្រឹមតែខកចិត្ត ព្រោះភាគីខាងរថយន្តបង្ក បោះលុយត្រឹម៥០០០$ សងការខូចខាត និងអាយុជីវិតអ្នកស្លាប់។

អ្នកគ្រប់គ្រងរថយន្ត និងគ្រប់គ្រងអ្នកបើកបររថយន្តបង្ក ត្រូវបានគេស្គាល់ច្បាស់ថា មានឈ្មោះ អ៊ីវ ធូ ប្រពន្ធឈ្មោះ សេម គន្ធី ជាថៅកែ និងអ្នកជំនួញវ័យក្មេង មានភាពហ៊ឺហាខ្លាំង ប្រកបអាជីវកម្មបើកដេប៉ូលក់គ្រឿងសំណង់ និងថ្ម ខ្សាច់ យីហោ អ៊ីវ ធូ មានចំនួន២ទីតាំង នៅលើផ្លូវលេខ៣៣ ភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ជិះរថយន្តម៉ាក Lexus 450D ពណ៌ស ស្លាកលេខ 2AK-6989 ចំណែកឯអ្នកដើរតួធ្វើម្ចាស់រថយន្តបង្ក ឈ្មោះ ចេង សុវណ្ណ មានឪពុកធ្វើជានគរបាល។ បើតាមការលើកឡើងរបស់គ្រួសារជនរងគ្រោះ បាននិយាយថា ចាប់តាំងពីថ្ងៃកើតហេតុ រហូតដល់បច្ចុប្បន្ន ជិត១ខែហើយ សមត្ថកិច្ចនៅមិនរកមុខ អ្នកបើករថយន្តបង្កនេះ ឃើញនៅឡើយទេ ខណៈដែលដំបូងឡើយសមត្ថកិច្ចថាមិនស្គាល់ ក្រោយមកទៀតថាស្គាល់អត្តសញ្ញាណហើយ តែមនុស្សរត់គេចបាត់ឲ្យធ្វើយ៉ាងមិច? ចម្លើយទាំងអស់នេះ បានត្រឹមតែធ្វើឲ្យគ្រួសាររងគ្រោះខកចិត្តតែប៉ុណ្ណោះ ពិបាកនឹងសង្ឃឹមថារកពន្លឺយុត្តិធម៌ឃើញណាស់ ហាក់ដូចជាសមត្ថកិច្ចធ្វើការមិនបានអស់ពីចិត្តពីថ្លើមបែបនេះ ដូចពាក្យគេនិយាយថា សក់អ្នកណាក្បាលអ្នកហ្នឹង អញ្ចឹងឯង។ បើតាមប្រភពពីមហាជន ដែលតាមឃ្លាំមើលដំណើររឿងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បាននាំគ្នានិយាយថា វាជារឿងមិនពិបាកទេ បើសិនចង់ស្វែងរកអ្នកបើកបរ ឬស្វែងរកអ្នកទទួលខុសត្រូវឲ្យបានច្បាស់លាស់ក្នុងរឿងនេះ ពីព្រោះថា ច្បាប់មានចែងហើយ សិទ្ធិអំណាចរបស់សមត្ថកិច្ចក៏មានដូចគ្នា ទាស់ត្រង់ថា វាជាឆន្ទៈរបស់សមត្ថកិច្ចដែលចង់ធ្វើ ឬមិនចង់ធ្វើតែប៉ុណ្ណោះ។ ប្រភពច្បាស់ការមួយ ដែលមិនបានប្រាប់ឈ្មោះ បានបង្ហើបឲ្យដឹងថា ពាក្យសម្តីរបស់ម្ចាស់ឡាន ឬម្ចាស់ដេប៉ូ ដែលនិយាយថា មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ គឺគ្រាន់តែជានិយាយដើម្បីការពារផលប្រយោជន៍ ជាងនិយាយការពិតតែប៉ុណ្ណោះ ខណៈដែលគេដឹងយ៉ាងច្បាស់ថា រថយន្តបង្កខាងលើ មានបិតផ្លាកយីហោឈ្មោះ អ៊ីវ ធូ នៅលើកញ្ចក់រថយន្ត ដើម្បីបញ្ជាក់ថា ជាយានយន្តរបស់ម្ចាស់ដេប៉ូអាជីវកម្មឈ្មោះ អ៊ីវ ធូ ដែលបានទិញផ្លូវរួចជាស្រេច ងាយស្រួលដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់នៅខេត្តកំពតស្គាល់ ដោយមិនចាំបាច់ឃាត់នាំតែខាតពេល ពីព្រោះមានម្ចាស់ដេប៉ូខាងលើ ជាអ្នកចេញមុខកាងសកម្មភាពអាជីវកម្មមួយនេះ។ ប្រភពដដែលបាន បញ្ជាក់ថា រថយន្តដែលបើកបរបង្កហេតុបុកគេស្លាប់ ហើយគេចមិនចង់ទទួលខុសត្រូវនេះ ជារថយន្តបម្រើអាជីវកម្មដឹកថ្ម ដឹកខ្សាច់របស់ដេប៉ូអ៊ីធូ ដែលគ្រប់គ្រងដោយឈ្មោះ អ៊ីវ ធូ និងប្រពន្ធឈ្មោះ សេម គន្ធីផ្ទាល់ ចំណែកឯអ្នកបើកបរមិនមែនជាសាច់ឆ្ងាយនោះទេ គឺជាសែស្រឡាយរបស់ថៅកែនេះផ្ទាល់តែម្តង ដែលមានឈ្មោះ អ័ង សុភី ហៅ អ៊ួង ភី មានបងស្រីឈ្មោះ អ៊ីវ ឆវ័ន្ត និងឪពុកឈ្មោះ អ៊ីវ សំ ម្តាយឈ្មោះ យាន់ ស៊ូន។ នៅក្រោយពេលកើតហេតុ ជនបង្កឈ្មោះ អ័ង សុភី ហៅអ៊ួង ភី បានរត់គេចខ្លួនចូលទៅផ្ទះបងស្រីឈ្មោះ អ៊ីវ ឆវ័ន្ត និងបងថ្លៃឈ្មោះ សេង សុជាតិ និងនាំប្រពន្ធឈ្មោះ គីម ស្រីណែត គេចខ្លួនជាមួយ។ តាមប្រភពបានឲ្យដឹងថា មូលហេតុដែលនាំឲ្យជនបង្ក អាចលាក់ខ្លួនបានស្ងាត់បាត់សូន្យឈឹង ដូចបាត់មុខពីផែនដីនេះ គឺដោយសារការជួយជ្រោមជ្រែងជួយលាក់បាំងគ្នា ពីសំណាក់សែស្រឡាយរបស់គេ ជាពិសេសគឺបុគ្គលឈ្មោះ ឆេង សុវណ្ណ និងឈ្មោះ អ៊ីវ ធូ ដែលជាម្ចាស់ដេប៉ូនេះផ្ទាល់តែម្តង ដែលផ្តើមចេញពីពាក្យសម្តីប្រាប់សមត្ថកិច្ចថា មិនស្គាល់តៃកុងឡាន តែតាមពិតតៃកុងឡាននេះខ្លួនជាអ្នករើសដាក់ បើកប្រាក់ខែឲ្យ និងបញ្ជាដោយផ្ទាល់រាល់ពេលចេញឡានដឹកជញ្ជូនធ្វើអាជីវកម្មម្តងៗ ហើយថែមទាំងជាប់សែស្រឡាយថែមទៀត តែអ្វីដែលហួសចិត្ត ឡានដឹកដីតម្លៃរាប់ម៉ឺនដុល្លា ម្ចាស់បែរជាឆ្លើយថាមិនស្គាល់តៃកុង ពាក្យថាមិនស្គាល់នេះ គឺគ្រាន់តែជាឡេះដើម្បីពន្យាពេលឲ្យអ្នកប្រព្រឹត្តអំពើល្មើសរត់គេចខ្លួនតែប៉ុណ្ណោះ។ ចំពោះសមត្ថកិច្ចដែលទទួលបន្ទុកដោះស្រាយរឿងនេះ ក៏មិនបានស្រាវជ្រាវលម្អិតដើម្បីឈានដល់ការចាប់ខ្លួន ជនបង្កដែរ ហើយក៏គ្មានវិធានការអ្វី ដើម្បីបង្ខំឲ្យម្ចាស់រថយន្ត ឬឪពុកម្តាយបង្ហាញពីកន្លែងលាក់ខ្លួនរបស់ជនបង្កដែរ ដោយគ្រាន់តែឆ្លើយប្រាប់ជនរងគ្រោះថា ជនបង្ករត់គេចបាត់។ ចម្លើយរបស់សមត្ថកិច្ច បានត្រឹមតែធ្វើឲ្យ ជនរងគ្រោះអស់សង្ឃឹមតែប៉ុណ្ណោះ ខណៈដែលករណីអ្នកបង្កហេតុបុកស្លាប់ហើយរត់គេច បានដោយស្រួល ជាដដែលៗបែបនេះ វាជាបញ្ហាធ្វើឲ្យអ្នកបើកបររថយន្តដឹកដីទាំងឡាយនាពេលបច្ចុប្បន្ន មិនខ្លាចញញើតនឹងច្បាប់ ឬសមត្ថកិច្ច បើកបរមិនចាំបាច់គោរពច្បាប់ ដោយអាងបុកហើយរត់ចោលពេលមានគ្រោះថ្នាក់ម្តងៗ។






