សំបុត្រទស្សនាការប្រកួត World Cup ដែលមានវត្តមានខ្សែប្រយុទ្ធអាហ្សង់ទីន Messi លក់ដាច់ខ្លាំងជាងគេបំផុត

(ដូហា)៖ សំបុត្រចូលទស្សនាការប្រកួតចំនួន២ ដែលមានវត្តមានខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានទទួលការទាក់ទាញបំផុតពីសំណាក់អ្នកគាំទ្រ ព្រឹត្តិការណ៍ World Cup ដែលនឹងធ្វើឡើងនៅប្រទេសកាតានាចុងឆ្នាំនេះ។ នេះបើយោងតាមការអះអាងពីប្រធានអ្នករៀបចំកម្មវិធី ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។

ការប្រកួតសន្សំពិន្ទុក្នុងពូលជុំដំបូងរបស់អាហ្សង់ទីន ប៉ះក្រុមម៉ិកស៊ិក នៅថ្ងៃទី២៦ ខែវិច្ឆិកា និងប៉ះអារ៉ាប៊ីសាអូឌីតនៅថ្ងៃទី២២ ខែវិច្ឆិកា គឺមាន «ការស្នើសុំទិញច្រើនជាងគេបំផុត» នេះបើតាមសម្តីលោក Nasser Al-Khater នាយកប្រតិបត្តិគណៈកម្មាធិការរៀបចំ World Cup នៅកាតា បានប្រាប់សារព័ត៌មានជាតិ QNA កាលពីយប់ថ្ងៃពុធ។
ការប្រកួតទាំងពីរនេះ នឹងធ្វើឡើងនៅកីឡដ្ឋាន Lusail Stadium ដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាបាន ៨០,០០០នាក់ ហើយក៏ជាទីកន្លែង សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup នៅថ្ងៃទី១៨ ខែធ្នូខាងមុខផងដែរ។
មន្ត្រីមិនបានបង្ហាញពីតួលេខនោះទេ ប៉ុន្តែការប្រកួតរវាងអាហ្សង់ទីន ប៉ះម៉ិកស៊ិក ត្រូវបានលក់សំបុត្រអស់តាមរយៈការលក់តាមអនឡាញជុំដំបូង កាលពីដើមឆ្នាំកន្លងទៅនេះ។
FIFA បានឲ្យដឹងក្នុងខែនេះថា សំបុត្រចំនួន ២.៤៥លានសន្លឹកហើយ ដែលត្រូវបានលក់សម្រាប់ព្រឹត្តិការណ៍ World Cup ដែលនឹងធ្វើឡើងជាលើកដំបូង នៅក្នុងប្រទេសអារ៉ាប់ដែលលោក Al-Khater បានសន្យាថា នឹងជាព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុត។
សម្រាប់ព្រឹត្តិការណ៍ World Cup នាឆ្នាំនេះ សរុបសំបុត្រទស្សនាមានចំនួន ៣.២លានសន្លឹក ដោយជាង ១លានសន្លឹកបានផ្តល់ទៅកាន់ក្រុមហ៊ុនឧបត្ថម្ភ និងដៃគូរបស់ FIFA។
សូមជម្រាបថា អាហ្សង់ទីន និងម៉ិកស៊ិក បានជាប់ក្នុងចំណោមប្រទេស ដែលបានទិញសំបុត្រទស្សនាច្រើនជាងគេបំផុតជាមួយនឹងកាតា, សហរដ្ឋអាមេរិក, អង់គ្លេស, អារ៉ាប៊ីសាអូឌីត, អារ៉ាប់រួមអេមីរ៉ាត់, បារាំង, ប្រេស៊ីល និងអាល្លឺម៉ង់។
កាតា រំពឹងថា នឹងមានភ្ញៀវទេសចរប្រមាណ ១.២លាននាក់ នឹងចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក មាន ៣២ប្រទេសចូលរួមប្រកួត ដែលនឹងធ្វើឡើងនៅថ្ងៃទី២០ ខែវិច្ឆិកាខាងមុខ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram