ខ្សែប្រយុទ្ធ Hansen របស់ន័រវេស សម្រាកពីតួនាទីជម្រើសជាតិ ដោយសារបញ្ហាសុខភាព

(ស្តុកហូម)៖ ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិន័រវេស កីឡាការិនី Caroline Graham Hansen បានប្រកាសថា នាងនឹងឈប់សម្រាកពីក្រុមជម្រើសជាតិមួយរយៈ ដើម្បីសម្រាក និងព្យាបាលជំងឺ បន្ទាប់ពីកាលវិភាគប្រកួតយ៉ាងច្រើន និងមានបញ្ហាបេះដូង ដែលត្រូវបានរករោគវិនិច្ឆ័យឃើញកាលពីខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។

កាលពីថ្ងៃអង្គារ អ្នកចាត់ការថ្មីក្រុមជម្រើសជាតិន័រវេស អ្នកស្រី Hege Riise បានដាក់បញ្ចូលកីឡាការិនី Graham Hansen ក្នុងក្រុមសម្រាប់ការប្រកួតជម្រុះ World Cup ប៉ះនឹងក្រុមប៊ែលហ្ស៊ិក នៅថ្ងៃទី០២ ខែកញ្ញា និងប៉ះក្រុមអាល់បានី នៅថ្ងៃទី០៦ ខែកញ្ញា ប៉ុន្តែមួយថ្ងៃក្រោយមក ខ្សែប្រយុទ្ធរូបនេះបានប្រកាសថា នាងសូមឈប់សម្រាក។
«ខ្ញុំត្រូវការសម្រាក។ ខ្ញុំត្រូវការជាសះស្បើយ។ ទោះបីជាអារម្មណ៍ពេលនេះ អាក្រក់យ៉ាងណាក៏ដោយ នាពេលនេះ ខ្ញុំសង្ឃឹមថា វាមិនមែនជាការអរគុណ សម្រាប់គ្រប់យ៉ាងនោះទេ ប៉ុន្តែរហូតដល់យើងជួបគ្នាម្តងទៀត» នេះបើតាមកីឡាការិនីរូបនេះ បានសរសេរលើ Instagram។
កីឡាការិនីវ័យ ២៧ឆ្នាំដែលលេងឲ្យក្លិប FC Barcelona រូបនេះបានស៊ុតបញ្ចូលទី ៤៤គ្រាប់ ក្នុងចំណោម ៩៨ប្រកួតសម្រាប់ក្រុមជម្រើសជាតិន័រវេស៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram