សមត្ថកិច្ចចម្រុះ ចុះបង្រ្កាបបទល្មើសជលផល នៅចំណុចភូមិបាឡត ឃុំពាមបាង ស្រុកស្ទោង ដោយបានបំផ្លាញចោលឧបករណ៍នេសាទមួយចំនួនធំ

(កំពង់ធំ)៖ កម្លាំងចម្រុះដឹកនាំដោយលោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានដឹកនាំចុះបង្ក្រាប បទល្មើសនេសាទហួសដែនកំណត់ ដោយប្រើឧបករណ៍នេសាទជាលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងបឹងទន្លេសាបខេត្តកំពង់ធំ ស្ថិតនៅចំណុចភូមិបាឡត ឃុំពាមបាង ស្រុកស្ទោង។


លោក គង់ សុភាព បានឱ្យដឹងថា ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ បឹងទន្លេសាប ឈរជើងនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានចុះរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទដូចជា៖ របាំងសាច់អួនក្រឡាញឹក នៅនឹងកន្លែងរួមមាន៖ របាំងសាច់អួន ក្រឡាញឹកចំនួន ០៣របាំង ប្រវែង ៤៥០ម៉ែត្រ លូសាច់អួនចំនួន០៧មាត់ ឡុកសាច់ស្បៃមុងចំនួន០៦គ្រឿង បង្គោលឈើចំនួន ៤០០ដើម និងបានចាក់ប្រលែងត្រី ចូលបឹងធម្មជាតិ ១៥គីឡូក្រាម។
លោក គង់ សុភាព បានបន្ថែមថា ការចុះបង្ក្រាបនេះគឺជាការយកចិត្តទុកដាក់ ការថែរក្សានូវធនធានធម្មជាតិនៅជុំវិញបឹងទន្លេសាប ដោយសារកន្លងមកមានកា នេសាទ ហួស ដែនកំណត់ និងការប្រើប្រាស់លក្ខណៈទ្រង់ទ្រាយធំធ្វើឲ្យការបាត់បង់នូវពូជត្រីមួយចំនួន។
លោក គង់ សុភាព ក៏បានអំពាវនាវដល់ប្រជានេសាទទាំងអស់ មេត្តាជួយទប់ស្កាត់ និងការពារពូជត្រីនៅរដូវទឹកឡើង គឺជារដូវត្រីពង ដើម្បីរក្សាពូជត្រីឲ្យបាន គង់វង្សជានិរន្តន៍ផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram