ឧកញ៉ា ម៉ុង ប្ញទ្ធី ប្រកាសដាំកូនឈើប្រណិតរាប់ពាន់ដើម នៅតំបន់ភ្នំតាម៉ៅ
(ភ្នំពេញ)៖ ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រកាសលុបចោលលិខិតអនុញ្ញាតឱ្យដោះដូរ និងអភិវឌ្ឍភ្នំតាម៉ៅ និងបញ្ជាឲ្យក្រុមហ៊ុនដែលបានឈូសឆាយ ត្រូវបញ្ឈប់សកម្មភាព និងត្រូវដាំដើមឈើឡើងវិញ នៅយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ ឧកញ៉ា ម៉ុង ប្ញទ្ធី បានប្រកាសចូលរួមដាំកូនឈើប្រណិតរាប់ពាន់ដើម នៅតំបន់ភ្នំតាម៉ៅ។

តាមបណ្តាញសង្គម Facebook ផ្លវការរបស់ឧកញ៉ា ម៉ុង ប្ញទ្ធី បង្ហោះនៅយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២នេះបានបញ្ជាក់ថា៖
ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយដាំដើមឈើប្រណិតឡើងវិញនៅលើទីតាំងដែលបានឈូសឆាយ។
ពេលនេះខ្ញុំកំពុងតែលើកកូនឈើដាក់លើរថយន្ត ព្រឹកស្អែកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ ខ្ញុំនឹងដឹកជញ្ជូនកូនឈើបេងចំនួន១០០០ដើម កូនឈើធ្នង់ចំនួន១០០០ដើមសរុប២០០០ដើម ថ្ងៃពុធទី៩ ខែសីហា និងជញ្ជួនកូនឈើបេង និងធ្នង់មកដល់ចំនួន៥០០០ដើមបន្ថែមទៀត ហើយនិងអាចដឹកជញ្ជួនមកជាបន្តបន្ទាប់ថែមទៀត បើតាមការអោយដឹងក្រៅផ្លូវការមកថា ផ្ទៃដីដែលឈូសឆាយអស់ចំនួនប្រមាណជា៥០០ហិកតា បើយើងដាំ 7m x 7m =204ដើម សរុបកូនឈើដែលមានតម្រូវការទាំងអស់ ប្រមាណជា102.000ដើម។
ព្រឹកស្អែកថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០២២នេះ រូបខ្ញុំនិងលោកជំទាវប្រហុក និងដឹកនាំក្រុមអ្នកបច្ចេកទេសបុគ្គលិកកម្មករ ផ្នែកកសិកម្មរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ទៅចូលរួមចំណែកដាំដើមឈើឡើងវិញ នៅក្នុងតំបន់ភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ បើបងប្អូនប្រីយមិត្តយើងចង់ចូលរួមចំណែកដាំដើមឈើឡើងវិញដែរ ខ្ញុំសូមស្វាគមន៍ដោយក្តីសោមនស្សរីករាយជួបគ្នានៅភ្នំតាម៉ៅ៕












