លោក ហ៊ុន ម៉ានី បង្ហាញភាពកក់ក្ដៅ ចំពោះប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ដែលចេញទៅប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូនេស៊ី ថ្ងៃនេះ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែកក្កដានេះ ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ប្រមាណ ១៧៩នាក់ លើ ១១ប្រភេទកីឡា បានធ្វើដំណើរចាកចេញពីមាតុភូមិ ឆ្ពោះទៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ីហើយ ដើម្បីចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ខាងមុខ ។

បេសកកម្មរបស់អត្តពលិកជនពិការកម្ពុជានេះ បានទទួលការអញ្ជើញជូនដំណើរផ្ទាល់ពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ហើយលោកបានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ និងភាពកក់ក្ដៅផងដែរ ចំពោះបរិយាកាសដ៏សប្បាយរីករាយ ប្រកបដោយមោទនភាព ភាតរភាព និងភាពជឿជាក់របស់កីឡាករ-កីឡាការិនីទាំងអស់ មុនចាកចេញពីកម្ពុជា ។
ឆ្លៀតឱកាសនោះ ក្នុងនាមប្រធានប្រតិភូ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណជាថ្មី ចំពោះសម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានចាត់តាំងលោកឲ្យអមដំណើរជាមួយកីឡាករ-កីឡាការិនីប៉ារ៉ាឡាំពិកកម្ពុជា ក្នុងការបំពេញបេសកកម្មខាងលើ ។ ប៉ុន្ដែលោកក៏បានសុំការអធ្យាស្រ័យពីគណៈប្រតិភូ ដែលពុំបានរួមដំណើរថ្ងៃនេះ ដ្បិតលោកត្រូវបំពេញភារកិច្ចមួយចំនួន ពិសេសការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ហើយនៅល្ងាចថ្ងៃដដែលនោះ ទើបលោកធ្វើដំណើរទៅចូលរួមជាមួយអត្តពលិកកម្ពុជា នៅទីក្រុងសូឡូ ។
លើសពីនេះ លោកបានថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ចំពោះប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ជាក់ស្ដែងក្រៅពីផ្ដល់នូវប្រាក់ហោប៉ាវ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្រួលឲ្យមានយន្ដហោះពិសេស (Charter Flight) ដើម្បីដឹកជញ្ជូនប្រតិភូ និងអត្តពលិកកម្ពុជា ហោះហើរត្រង់ពីរាជធានីភ្នំពេញ ទៅទីក្រុងសូឡូ ក៏ដូចជាការសម្រួលឲ្យមានការចាក់វ៉ាក់សាំងដូសជំរុញបន្ថែម ដើម្បីធានាបាននូវសុខសុវត្ថិភាព ទាំងការធ្វើដំណើរទៅ និងត្រឡប់មកវិញ ពិសេសគឺការបង្ការជំងឺកូវីដ-១៩ តែម្ដង ។
លោកបន្ដថា «ទាំងអស់នេះ គឺជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ហើយយើងខ្ញុំទាំងអស់គ្នា និយាយតាមត្រង់ទៅ អ្វីដែលយើងខ្ញុំអាចចូលរួមជួយបាន គឺសម្របសម្រួលបាន ពិសេសគឺតំណាងឲ្យថ្នាក់ដឹកនាំ គឺនៅក្បែរពួកគាត់ ដើម្បីធ្វើយ៉ាងណាថា យើងខ្ញុំទាំងអស់គ្នា តំណាងឲ្យរាជរដ្ឋាភិបាលផង ដូចអ្វីដែលជាសាររបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ពួកគាត់ទាំងអស់គ្នា គឺតំណាងឲ្យប្រជាពលរដ្ឋជាង ១៧លាននាក់ ដែលនៅពីក្រោយពួកគាត់ ហើយអ្វីដែលយើងចង់ឲ្យបានធំជាងគេបង្អស់ គឺឲ្យបងប្អូនកីឡាករ-កីឡាការិនី ដែលចូលរួមប្រកួតប្រជែងតំណាងឲ្យកម្ពុជា គឺផ្ដោតអារម្មណ៍ទាំងស្រុង ទៅលើអ្វីដែលជាវិញ្ញាសា ហើយនឹងការខិតខំប្រឹងប្រែងរបស់ពួកគាត់»។
ដោយឡែកពាក់ព័ន្ធនឹងការងារបច្ចេកទេសវិញ លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា «ចំពោះថាតើលទ្ធផលយ៉ាងណា គឺជារឿងមួយ តែខ្ញុំគិតថា ស្មារតីដែលពួកគាត់បានបង្ហាញ ការខិតខំប្រឹងប្រែង ពុះពារ ហ្វឹកហាត់ ហើយការចូលរួមដោយមោទនភាព តំណាងឲ្យកម្ពុជា ក្នុងការប្រកួតលើប្រភេទកីឡាទាំង ១១ នៅទីក្រុងសូឡូនេះ គឺជាភាពកក់ក្ដៅ ហើយយើងខ្ញុំគ្មានអ្វីក្រៅពីការគាំទ្រ ផ្ដល់នូវការជឿជាក់ ហើយនឹងជូនពរពួកគាត់ឲ្យប្រឹងប្រែងអស់ពីសមត្ថភា…»។
សូមបញ្ជាក់ថា កីឡាករ-កីឡាការិនីជនពិការកម្ពុជា ដែលចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមឆ្នាំនេះ គឺមាននចំនួន ១១៥នាក់ លើ ១១ប្រភេទកីឡា រួមមានកីឡាអត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការភ្នែក បាល់ទាត់៧ម្ខាង (ចលករខួរក្បាល) វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុក និងប៊ូស្យា ។ លោក យី វាសនា នាយបេសកកម្មអាស៊ានប៉ារ៉ាហ្គេមកម្ពុជា បានដាក់ក្ដីរំពឹងថា បេសកកម្មនេះ កម្ពុជារំពឹងដណ្ដើមបានមេដាយមាសយ៉ាងតិច ៣គ្រឿង មេដាយប្រាក់ ១០ និងមេដាយសំរឹទ្ធ ១៥គ្រឿងផងដែរ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram