សៀវភៅស្តីពី «ប្រជាធិបតេយ្យតាមបែបផែនចិន» ស្រាវជ្រាវចងក្រងឡើង ដោយបណ្ឌិត ជា មុនីឬទ្ធិ ត្រូវបានផ្សព្វផ្សាយនៅព្រឹទ្ធសភាកម្ពុជា
(ភ្នំពេញ)៖ សៀវភៅស្តីពី «ប្រជាធិបតេយ្យតាមបែបផែនចិន» ត្រូវបានធ្វើការផ្សព្វផ្សាយនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅបណ្ណាល័យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រី សាស្រ្តាចារ្យ និងនិស្សិត ជាច្រើនរូប។ សៀវភៅនេះមានកម្រាស់ ៨០ទំព័រ ចែកចេញជាបីជំពូកធំៗ រួមមាន៖ សង្គមនិយមតាមបែបផែនចិន, ឧត្តមគតិតាមបែបផែនចិន, ការទូតតាមបែបផែនចិន។

ឯកឧត្តម លឹម ប៊ុនហុក អគ្គលេខាធិការរងព្រឹទ្ធសភា នាឱកាសនោះ បានថ្លែងនូវការកោតសរសើរចំពោះ កិច្ចខិតខំសិក្សាស្រាវជ្រាវរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ហើយតាមរយៈសៀវភៅស្តីពីប្រជាធិបតេយ្យតាមបែបផែនចិនដែលជាស្នាដៃបន្ថែមថ្មីរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ នឹងផ្តល់ជាប្រទីបបំភ្លឺផ្លូវដល់អ្នកសិក្សាស្រាវជ្រាវនានា ក្នុងការឈ្វេងយល់ពីប្រទេសចិនបន្ថែមលើសៀវភៅជាច្រើន ដែលសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានសិក្សាស្រាវជ្រាវ និងបកប្រែ ដូចជាសៀវភៅ Xi Jinping ៖ អភិបាលកិច្ចប្រទេសចិនដែលបានបកប្រែមកជាខេមរភាសាជាដើម។
ឯកឧត្តមក៏បានលើកទឹកចិត្តដល់ អង្គពិធីជាពិសេសមន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងនិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលបានចូលរួមក្នុងកម្មវិធីនាព្រឹកនេះបន្តការអានដោយយកចិត្តទុកដាក់លើ កម្រងឯកសារស្នាដៃស្រាវជ្រាវរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ហើយជំរុញឱ្យបណ្ណាល័យបន្តកិច្ចសហការជាមួយ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្នុងការបង្កើនបរិមាណសៀវភៅសិក្សាស្រាវជ្រាវពីប្រទេសចិន។
តាមរយៈសៀវភៅដែលទើបបោះពុម្ពនេះ លោកបណ្ឌិត ជា មុនីឫទ្ធិ បានរំលេចពីបញ្ញត្តិប្រជាធិបតេយ្យ ដោយបញ្ជាក់ថាលទ្ធិប្រជាធិបតេយ្យមិនមែនជាគំរូឯកសណ្ឋាន ឬការកំណត់រចនាសម្ព័ន្ធដូចគ្នាទាំងស្រុង សម្រាប់គ្រប់ប្រទេសនានាជុំវិញពិភពលោក។
«ប្រសិនជាយើងចង់កំណត់ថាតើប្រទេសមួយមាន ឬមិនមានលទ្ធិប្រជាធិបតេយ្យ គួរតែទុកឲ្យប្រជាជននៃប្រជាជាតិនោះ ជាអ្នកឆ្លើយ ហើយផ្ទៀងផ្ទាត់នឹងលក្ខខណ្ឌជីវភាពរស់។ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ដែលមានឯកឧត្តម Xi Jinping ជាស្នូលបានបង្ហាញថា នៅឆមាសទីមួយឆ្នាំ២០២២ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន គឺ៥៦,២៦៤២ទ្រីលានប្រាក់យាន់ចិន បើគិតជាតម្លៃថេរនោះបានកើនជាង២,៥ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ២០២១។ ប្រទេសចិនគឺជា ប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោកប្រកបដោយភាពធន់។ នៅឆ្នាំ២០២១ ប្រជាជនចិនម្នាក់ៗ មានចំណូលប្រចាំឆ្នាំ$១២000 ច្រើនជាងប្រជាជនជុំវិញពិភពលោកជាមធ្យមក្នុងមនុស្សម្នាក់ៗ ដែលនេះជាតួលេខដែលប្រទេសចិនបានប្រកាសជាផ្លូវការ»។
លោកបន្តថា លទ្ធិប្រជាធិបតេយ្យបែបផែនចិនអនុញ្ញាតឱ្យប្រជាជនកសាងភាពរីករាយ និងអភិវឌ្ឍរួមគ្នា ក៏ដូចជាអនុញ្ញាតឱ្យប្រជាជនសម្រេចចិត្តសម្រាប់ការអភិវឌ្ឍជាតិ។ លទ្ធិប្រជាធិបតេយ្យនេះធានាតាមរយៈប្រព័ន្ធទូលំទូលាយ ក៏ដូចជាអនុវត្ត និងផ្សព្វផ្សាយតាមរយៈការរៀបចំនយោបាយ បច្ចេកទេស និងវិទ្យាសាស្ត្រជាមុន។ លើសពីនេះ វឌ្ឍនភាពនៃសេដ្ឋកិច្ចរបស់ចិនបានចូលរួម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកនិយាយរួម ភាពរីកចម្រើននៃសេដ្ឋកិច្ចប្រទេសកម្ពុជា។ គំរូភាពនៃលទ្ធិប្រជាធិបតេយ្យតាមបែបផែនចិន ក៏បានផ្តល់នូវប្រយោជន៍យ៉ាងច្រើន ដល់ភាពរឹងមាំនៃប្រជាធិបតេយ្យមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។ លោកបណ្ឌិតក៏បានរំលេចផងដែរពីខួប៦៤ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន និងបានចូលរួមអបអរសាទរខួប១០១ឆ្នាំ នៃថ្ងៃបង្កើតបក្សកុម្មុយនិស្តចិនផងដែរ។
លោកស្រី កែវ វណ្ណារិទ្ធ ប្រធានបណ្ណាល័យព្រឹទ្ធសភា ក៏បានគូសបញ្ជាក់ពុទ្ធិថ្មី ដែលលោកស្រីទទួលបានពី ការផ្សព្វផ្សាយសៀវភៅនាថ្ងៃនេះ ហើយលោកស្រីក៏បានថ្លែងអំណរគុណដល់មិត្តចិន ការចូលរួមកែលម្អនិងធ្វើទំនើបកម្ម ដល់បណ្ណាល័យព្រឹទ្ធសភា និងវាយតម្លៃខ្ពស់ចំពោះ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្នុងការចាក់បញ្ចូល នូវបរិមាណឯកសារស្រាវជ្រាវពីប្រទេសចិនដល់បណ្ណាល័យព្រឹទ្ធសភាផងដែរ។ លោកស្រីក៏បានលើកទឹកចិត្តដល់ សាធារណជនមកបណ្ឌាល័យព្រឹទ្ធសភា ដើម្បីឈ្វេងយល់ពីប្រទេសចិនតាមរយៈឯកសារ និងបទបង្ហាញនានា ដែលលោកបណ្ឌិត ជា មុនីឫទ្ធិ បានចែករំលែក៕












