បទអត្ថាធិប្បាយ៖ ដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន នៅតំបន់មជ្ឈិមបូព៌ា ដែលមានគោលបំណង ស្វែងរកផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន ពិតជានឹងទទួលបរាជ័យជាក់ជាមិនខាន
(ប៉េកាំង)៖ នៅថ្ងៃទី ១៧ ខែកក្កដា តាមម៉ោងក្នុងតំបន់ ខណៈពេលដែលលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានទៅដល់ ទីក្រុងវ៉ាស៊ីនតោនបន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ា អ្វីៗដែលទទួលការវិលត្រឡប់មកវិញរបស់លោក គឺ ការនិយាយផ្គើននិងសើចចំអកពីប្រព័ន្ធសារព័ត៌មានសំខាន់ៗ របស់អាមេរិក។ ទស្សនាវដ្តី «The New Yorker» របស់អាមេរិក បានវាយតម្លៃថា ដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ បានរំលេចនូវការទទួលបរាជ័យទាំងស្រុងរបស់លោក ចូ បៃដិន ក្នុងគោលនយោបាយនៅមជ្ឈិមបូព៌ា។

សូមបញ្ជាក់ថា បញ្ហាថាមពលគឺជាការរៀបចំចាត់ចែងដ៏សំខាន់ ក្នុងដំណើរទស្សនកិច្ចលើកនេះ។ នៅថ្ងៃដែលលោកបានជិះយន្តហោះទៅដល់អ៊ីស្រាអែល ក្រសួងការងារអាមេរិកបានចេញផ្សាយសន្ទស្សន៍ តម្លៃអ្នកប្រើប្រាស់(CPI)របស់អាមេរិកនៅខែមិថុនា ឆ្នាំ២០២២ ដោយបង្ហាញថា បានកើនឡើង ៩.១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ដែលបានបំបែកកំណត់ត្រាខ្ពស់បំផុតក្នុងរយៈពេលជិត ៤១ឆ្នាំកន្លងទៅ។
ទិន្នន័យនេះមិនត្រឹមតែបានបណ្តាលឱ្យអត្រាគាំទ្ររបស់លោក ចូ បៃដិនធ្លាក់ចុះយ៉ាងខ្លាំងបំផុតប៉ុណ្ណោះទេ ថែមទាំងក៏បានបញ្ជាក់ថែមមួយកម្រិតទៀត នូវគោលបំណងរបស់លោកក្នុងដំណើរទស្សនកិច្ចលើកនេះផងដែរ។
ដូចការវិភាគរបស់កាសែត «The New York Times» ដែលបានលើកឡើងថា តើត្រូវនិយាយបញ្ចុះបញ្ចូលអារ៉ាប៊ីសាអូឌីត ឱ្យបង្កើនបរិមាណផលិតប្រភពធនធានប្រេងកាត និងឧស្ម័នយ៉ាងដូចម្តេច គឺជាចំណុចលេចធ្លោគួរឱ្យចាប់អារម្មណ៍បំផុត ដែលត្រូវទទួលស្គាល់ជាទូទៅ ពីសំណាក់សហគមន៍អន្តរជាតិ នៃដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន នៅមជ្ឈិមបូព៌ា។
ប៉ុន្តែ បើសិនជាមើលសេចក្តីថ្លែងការណ៍រួមយ៉ាងល្អិតល្អន់ ដែលបានចេញផ្សាយបន្ទាប់ពីជំនួបពិភាក្សាការងារ រវាងលោក ចូ បៃដិន និងមេដឹកនាំអារ៉ាប៊ីសាអូឌីតអាចឃើញថា ភាគីអារ៉ាប៊ីសាអូឌីតមិនបានសន្យាយ៉ាងជាក់លាក់ ចំពោះការបង្កើនបរិមាណផលិតប្រេងកាត យ៉ាងខ្លាំងនោះទេ។ លោក Adel bin Ahmed Al-Jubeir រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតបានលើកឡើងថា តើអារ៉ាប៊ីសាអូឌីតនឹងបង្កើនបរិមាណផលិតប្រេងកាតឬអត់ វាស្ថិតនៅលើបញ្ហាថា តើទីផ្សារមានកង្វះខាតក្នុងការផ្គត់ផ្គង់ឬទេ។
ព្រមពេលជាមួយគ្នានេះ អ្វីដែលហៅថា គោលដៅរបស់អាមេរិកដែលប៉ុនប៉ង ពង្រឹងប្រព័ន្ធសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា ក៏ទទួលបរាជ័យផងដែរ។ មុនពេលបំពេញទស្សនកិច្ច ប្រព័ន្ធសារព័ត៌មានអាមេរិកធ្លាប់ទម្លាយឱ្យដឹងថា លោក ចូ បៃដិន នឹងបង្កើតជាសម័្ពន្ធយោធា ដែលបូករួមទាំងប្រទេសឈូងសមុទ្រ និងអ៊ីស្រាអែលនៅឯកិច្ចប្រជុំកំពូលអំពី «សន្តិសុខនិងការអភិវឌ្ឍ» ដែលបើកធ្វើនៅទីក្រុង Jeddah អារ៉ាប៊ីសាអូឌីត រហូតដល់បង្កបង្កើតជា «អង្គការណាតូនៅមជ្ឈិមបូព៌ា»។
យ៉ាងណាមិញ លោក Mustafa Kadhemi នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បានអះអាងថា អ៊ីរ៉ាក់មិនធ្លាប់មានពីមុនហើយនៅ ពេលអនាគតក៏នឹងមិនចូលរួមសម្ព័ន្ធមិត្តយោធា ក្នុងតំបន់ណាមួយនោះឡើយ។ ប្រការនេះអាចឃើញថា ប្រទេសមជ្ឈិមបូព៌ាបានដឹងច្បាស់ហើយថា អ្វីដែលហៅថា «អង្គការណាតូនៅមជ្ឈិមបូព៌ា» គឺជាបក្ខពួកតូចដែលប៉ុនប៉ង បង្កការបដិបក្ខគ្នា វានឹងបំផ្លាញសន្តិភាពក្នុងតំបន់ ហើយមុខជានឹងទទួលបរាជ័យជាក់ជាមិនខាន។
ចំណែកគោលបំណងរបស់អាមេរិក ដែលប៉ុនប៉ងបណ្តេញចិននិងរុស្ស៊ី ឱ្យចេញពីតំបន់មជ្ឈិមបូព៌ា វាកាន់តែជាសុបិនពេលថ្ងៃ។ តំបន់មជ្ឈិមបូព៌ាមិនមែនជា «ទីធ្លាខាងក្រោយ» របស់អ្នកណានោះទេ ហើយសូមស្វាគមន៍ប្រទេសទាំងអស់ ដែលបាននិងកំពុងជួយដល់ការអភិវឌ្ឍរបស់ប្រទេសខ្លួន ដោយស្មោះត្រង់។ លោក Adel bin Ahmed Al-Jubeir រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញយ៉ាងជាក់លាក់ថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្ម ទីផ្សារថាមពលនិងជាអ្នកវិនិយោគដ៏សំខាន់របស់អារ៉ាប៊ីសាអូឌីត។
ប្រឈមនឹងការពិតជាក់ស្តែង ប្រទេសមជ្ឈិមបូព៌ាបានដឹងច្បាស់ណាស់ថា៖ អាមេរិកមិនដែលយកចិត្តទុកដាក់ យ៉ាងពិតប្រាកដដល់ការអភិវឌ្ឍរបស់ប្រទេសមជ្ឈិមបូព៌ានោះទេ វាគ្រាន់តែចាត់ទុកមជ្ឈិមបូព៌ាជាឧបករណ៍នយោបាយ និងកូនអុកប៉ុណ្ណោះ ពោលគឺ បើសិនជាត្រូវការ ក៏យកមកប្រើប្រាស់ បើមិនត្រូវការ ក៏លះបង់ចោល។
ជាការពិតណាស់ មូលហេតុកាន់តែស៊ីជម្រៅគឺ ស្ថិតនៅលើនិម្មាបនកម្មពិភពលោក បាននិងកំពុងកើតមានបម្រែបម្រួលយ៉ាងខ្លាំង ហើយកម្លាំងជាតិរបស់អាមេរិកកំពុងធ្លាក់ថមថយ។ ដោយឡែកដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន នៅមជ្ឈិមបូព៌ាដែលមិនទទួល បានលទ្ធផលអីសោះបានបង្ហាញឱ្យឃើញថា ឧបាយកលរបស់អ្នកនយោបាយអាមេរិក ដែលប៉ុនប៉ងចាត់ទុកមជ្ឈិមបូព៌ាជាកូនអុក សម្រាប់ការបដិបក្ខគ្នាខាងភូមិសាស្ត្រនយោបាយ និងជាឧបករណ៍សម្រាប់ឆក់យក ផលប្រយោជន៍នយោបាយផ្ទាល់ខ្លួនបានទទួលបរាជ័យទាំងស្រុង៕

