Christensen ថា ការលេងឲ្យក្លិប Barcelona គឺជាក្តីស្រមៃរបស់លោក តាំងពីក្មេង
(បាសេឡូណា)៖ ខ្សែការពារសញ្ជាតិដាណឺម៉ាក Andreas Christensen បានលើកឡើងនៅថ្ងៃព្រហស្បតិ៍ថា លោកធ្លាប់ជាអ្នកគាំទ្រក្លិប FC Barcelona តាំងពីក្មេង ហើយថាការចុះកិច្ចសន្យា ជាមួយក្លិបអេស្ប៉ាញមួយនេះគឺ “ក្តីស្រម មៃក្លាយជាការពិត”។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។

“ខ្ញុំធំឡើង ដោយទស្សនាក្លិប Barcelona ហើយកីឡាករ Ronaldinho និង Deco គឺជាកីឡាករដែលខ្ញុំពេញចិត្ត។ នេះបើតាមសម្តី Christensen បានប្រាប់ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីចុះកិច្ចសន្យា លេងនៅក្លិបអេស្ប៉ាញមួយនេះ រហូតដល់ខែមិថុនា ឆ្នាំ២០២៦។
ខ្សែការពារកណ្តាលមួយនេះ បានចាកចេញពីក្លិប Chelsea ក្រោយចប់កិច្ចសន្យារបស់លោកកាលពីខែមិថុនាកន្លងទៅ ដើម្បីចូលរួមជាមួយក្លិប Barcelona លើការផ្ទេរដោយឥតបង់ថ្លៃ។
Christensen ដែលបានចូលលេង៥៦លើក សម្រាប់ក្រុមជម្រើសជាតិដាណឺម៉ាកនោះ បានជួយឲ្យក្លិបតោខៀវ Chelsea ឈ្នះពានរង្វាន់ Champions League ក្នុងរដូវកាល២០២០-២១ ព្រមទាំងពានរង្វាន់ FIFA Club World Cup និងពានរង្វាន់ UEFA Super Cup ក្នុងឆ្នាំ២០២១៕



