អង់គ្លេស ប្រកាសផ្ដល់ប្រព័ន្ធមីស៊ីល M270 ដល់អ៊ុយក្រែន

(ឡុងដ៍)៖ ចក្រភពអង់គ្លេស នៅថ្ងៃចន្ទនេះបានប្រកាសផ្ដល់ប្រព័ន្ធមីស៊ីល M270 ដល់អ៊ុយក្រែន ហើយដែលប្រព័ន្ធមីស៊ីលនេះអាចវាយប្រហារលើគោលដៅ ក្នុងចម្ងាយ ៨០គីឡូម៉ែត្រ ជាផ្នែកមួយនៃកិច្ចសម្របសម្រួលជាមួយសហរដ្ឋអាមេរិក ក្នុងការពង្រឹងសមត្ថភាពទាហានអ៊ុយក្រែន ទប់ទល់នឹងទាហានរុស្ស៉ី។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០២២។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក បេន វ៉លលែស (Ben Wallace) បានគូសបញ្ជាក់ដូច្នេះថា «ប្រព័ន្ធមីស៊ីលនេះ (M270) នឹងអាចជួយឱ្យមិត្តអ៊ុយក្រែនរបស់យើង ការពារខ្លួនប្រឆាំងនឹងកាំភ្លើងចម្ងាយឆ្ងាយរបស់រុស្ស៉ី ដែលទាហានរបស់លោក ពូទីន ប្រើប្រាស់វាយប្រហារ ដោយមិនរើសមុខលើទីក្រុងជាច្រើន»។
គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិអង់គ្លេស ទាហានអ៊ុយក្រែននឹងទទួលបានការបណ្ដុះបណ្ដាលពីរបៀបប្រើប្រាស់ប្រព័ន្ធមីស៊ីល M270 នៅក្នុងចក្រភព អង់គ្លេស។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីសប្ដាហ៍មុន ក៏បានប្រកាសផ្ដល់មីស៊ីល HIMARS ឱ្យអ៊ុយក្រែនផងដែរ បន្ទាប់ពីទទួលបានការធានាពី ទីក្រុងកៀវថាពួកគេនឹងមិនប្រើប្រព័ន្ធមីស៊ីលនេះវាយប្រហារលើគោលដៅនៅក្នុងប្រទេសរុស្ស៉ីទេ ខណៈលោក ពូទីនបាននិយាយថាការបញ្ជូនអាវុធនេះមិនមាន អ្វីថ្មីនោះទេ តែព្រមានថានឹងចាត់វិធានការឆ្លើយតប បើអ៊ុយក្រែនទទួលបានមីស៊ីលចម្ងាយឆ្ងាយនេះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram