តារាសម្ដែង ចន ច័ន្ទលក្ខិណា សុំទោសម្ចាស់កម្មវិធីដែលមិនបានចូលរួម និងប្រញាប់ចេញទៅព្យាបាលជំងឺនៅក្រៅប្រទេស

(ភ្នំពេញ)៖ តារាសម្ដែងស្រីវ័យជ្រេ និងប្រធានសមគមសិល្បករខ្មែរ ចន ច័ន្ទលក្ខិណា ត្រូវបានប្រភពទម្លាយឲ្យដឹងថា អ្នកនាងបានប្រកាសសុំទោស ដល់ម្ចាស់កម្មវិធីទាំងអស់ដែលអ្នកនាងមិនបានចូលរួម ព្រោះតែស្ថានភាពជំងឺធ្វើទុក្ខ ហើយតម្រូវឲ្យអ្នកនាងប្រញាប់ចេញទៅពិនិត្យ និងព្យាបាលនៅក្រៅប្រទេសជាចាំបាច់។ តាមប្រភពបានឲ្យដឹងថា ចន ច័ន្ទលក្ខិណា គ្រោងចេញទៅពិនិត្យជំងឺនៅក្រៅប្រទេសសប្ដាហ៍ក្រោយ បន្ទាប់ពីអាការៈជំងឺដុះសាច់ក្នុងបំពង់កបានរើឡើងវិញ។


កាលពីយប់មិញនេះ បន្ទាប់ពីប្រកាសថា ជំងឺរើឡើងវិញ ក៏ធ្លាយដំណឹងថា អ្នកនាង និងស្វាមី នឹងចេញទៅប្រទេសថៃ ដើម្បីពិនិត្យជំងឺឲ្យបានច្បាស់ម្ដងទៀត មុននឹងសម្រេចចិត្ដថាត្រូវវះកាត់ ឬយ៉ាងណា? តារាសម្ដែង អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រកាសសុំទោសម្ចាស់កម្មវិធី ដែលនាងមិនបានអញ្ជើញទៅចូលរួមដោយផ្ទាល់ ដោយសារតែជំងឺធ្វើទុក្ខខ្លាំង និងត្រូវចេញទៅពិនិត្យនៅក្រៅប្រទេស។
តារាសម្ដែង ចន ច័ន្ទលក្ខិណា បានប្រកាសថា «ថ្ងៃនេះខ្ញុំសុំទោសម្ចាស់កម្មវិធីទាំងឡាយ ដែលខ្ញុំអត់បានចូលរួម ព្រោះជំងឺចាស់ធ្វើទុក្ខ!»។
ក្រោយពីអ្នកនាង ចន ច័ន្ទលក្ខិណា ទម្លាយដំណឹងថា ជំងឺប្រចាំកាយរបស់នាងត្រូវរើឡើងវិញ ខណៈដែលអ្នកនាង និងស្វាមីកំពុងរវល់ខ្លាំងក្នុងការងារសិល្បៈ សកម្មភាពមនុស្សធម៌តាមរយៈសមាគមសិល្បករខ្មែរ ជាពិសេសគឺការជួយចាត់ចែងពិធីបុណ្យសព និងបុណ្យ៧ថ្ងៃ ឪពុកម្ដាយតារាចម្រៀង សុវត្ថិឌី ធារិកា តាំងពីដើមរហូតដល់ចប់។ ភាពមមាញឹកនេះ បានធ្វើឲ្យអ្នកនាងស្ទើរតែភ្លេចគិតពីសុខភាពខ្លួនឯង រហូតធ្វើឲ្យអ្នកគាំទ្រ និងមិត្ដសិល្បៈ សម្ដែងក្ដីព្រួយបារម្ភពីសុខភាពរបស់អ្នកនាង ហើយជំរុញឲ្យទៅពិនិត្យ។
សូមបញ្ជាក់ថា អ្នកនាង ចន ច័ន្ទលក្ខិណា ធ្លាប់បានបង្ហើបឲ្យដឹងថា ជំងឺពកក ឬដុះដុំសាច់ក្នុងបំពង់កនេះ បានកើតលើអ្នកនាងយូរដែរហើយ ប៉ុន្ដែមិនធ្វើទុក្ខត្រង់ក ដែលមានសាច់ដុះនោះទេ គឺមកធ្វើទុក្ខពេញខ្លួន បណ្ដាលឲ្យនាងញ័រទ្រូង ញ័រដៃញ័រជើង,វិលមុខ និងធ្វើឲ្យចង្វាក់បេះដូងលោតញាប់ខុសពីធម្មតា ទើបធ្វើឲ្យអ្នកនាងប្រញាប់ចេញទៅពិនិត្យស្ថានភាពជំងឺនេះភ្លាមៗផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram