យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ចាប់ផ្តើមនៅថ្ងៃនេះ

(ភ្នំពេញ)៖ យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២ នេះ។ ការឃោសនានេះ មានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។


លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា មានគណបក្សចំនួន១៧ ដែលស្នើសុំធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅតាមមូលដ្ឋាន ហើយគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ក៏បានសហការជាមួយអាជ្ញាធរ រៀបចំតម្រាយផ្លូវ និងបែងចែកពេលវេលា ដើម្បីចៀសវាងបញ្ហាប៉ះគ្នាជាដើម។
លោកអះអាងដូច្នេះថា «គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត កំពុងសហការជាមួយអាជ្ញាធរដែនដី ក្នុងការរៀបចំតម្រាយផ្លូវឱ្យគណបក្សនយោបាយ ព្រមទាំងមានការបែងចែកពេលវេលា ដើម្បីចៀសវាងកុំឱ្យមានការប្រឈម ការទល់មុខគ្នាក្នុងការដង្ហែក្បួនទាំងឡាយ ហើយចំនួនពិតប្រាកដ យ៉ាងណានោះ នៅទីណាប៉ុន្មាន គឺមានភាពលម្អិត តាមមូលដ្ឋាននីមួយៗ»។
ទោះជាយ៉ាងនេះក្តី បើតាមគណបក្សកាន់អំណាច និងគណបក្សមួយចំនួនទៀត ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត, ការឃោសនាចាប់ពីថ្ងៃស្អែកនេះ នឹងមិនមានការហែក្បួនទ្រង់ទ្រាយធំនោះទេ។
កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងមិនចូលរួមបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាតនេះនោះទេ ដោយទុកឱ្យថ្នាក់មូលដ្ឋានជាអ្នករៀបចំដោយខ្លួនឯង។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Cpns news ឱ្យដឹងថា នៅថ្ងៃនេះ មិនមានការហែក្បួនទ្រង់ទ្រាយធំថ្នាក់ជាតិនោះទេ ដោយគណបក្សបានទុកលទ្ធភាពឱ្យថ្នាក់មូលដ្ឋានជាអ្នករៀបចំហែក្បួន តាមមូលដ្ឋានឃុំសង្កាត់ ដោយមានការជួយថ្នាក់កណ្តាលផងដែរ។
ចំណែក គណបក្សហ៊្វុនស៊ិនប៉ិច ដែលដាក់បេក្ខជនច្រើនជាងគេលំដាប់ទី៣ ដើម្បីចូលរួមការបោះឆ្នោតថ្នាក់មូលដ្ឋាននេះ ក៏បានរៀបចំមិនខុសពីគណបក្សកាន់អំណាចដែរ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក ញឹម រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានឱ្យដឹងថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ នឹងបង្ហាញវត្តមាន នៅក្នុងថ្ងៃទី២ នៃយុទ្ធនាការឃោសនាបោះឆ្នោត នៅចំណុចផ្លូវ៦០ម៉ែត្រ ក្នុងសង្កាតព្រែហូ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានអ្នកចូលរួមហែក្បួនប្រមាណ៥០០នាក់។
ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ មានឃុំសង្កាត់ចំនួន ១៦៥២ ដែលត្រូវបានបោះឆ្នោតជ្រើសរើសសមាជិក្រុមប្រឹក្សាឃុំសង្កាត់ចំនួន២៨០០៨នាក់ នៅទូទាំងប្រទេសកម្ពុជា។ ការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram