លោក Erdogan និយាយថា តួកគីមិនគាំទ្រហ្វាំងឡង់ និងស៊ុយអែត ចូលរួមក្នុងអង្គការ NATO ទេ
(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយនៅថ្ងៃសុក្រ (១៣ឧសភា) ថា វាមិនអាចទៅរួចទេសម្រាប់សមាជិកណាតូប្រទេសតួកគី ក្នុងការគាំទ្រផែនការដោយស៊ុយអែត និងហ្វាំងឡង់ដើម្បីចូលជាសមាជិកកតិកាសញ្ញានេះ ដោយនិយាយថា បណ្តាប្រទេស Nordic គឺជា «ផ្ទះសម្រាប់អង្គការភេរវករជាច្រើន»។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២។
ទោះបីជាតួកគីបានគាំទ្រជាផ្លូវការនូវការពង្រីកសមាជិកថ្មី ចាប់តាំងពីខ្លួនបានចូលជាសមាជិកណាតូកាលពី ៧០ឆ្នាំមុនក៏ដោយ ប៉ុន្តែការបដិសេធរបស់ប្រទេសនេះ តែងតែជាបញ្ហារារាំងមិនអាចឲ្យប្រទេសស៊ុយអែត និងហ្វាំងឡង់ ចូលជាសមាជិកណាតូបាន ថ្បិតថាការបញ្ចូកសមាជិកថ្មី ទាមទារការព្រមព្រៀងជាឯកច្ឆ័ន្ទ។
លោក Erdogan បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងអ៊ីស្តង់ប៊ុលថា «យើងកំពុងតាមដានការវិវឌ្ឍន៍ទាក់ទងនឹងស៊ុយអែត និងហ្វាំងឡង់ ប៉ុន្តែយើងមិនមានទស្សនៈវិជ្ជមានទេ» ដោយបន្ថែមថា វាជាកំហុសសម្រាប់អង្គការ NATO ក្នុងការទទួលយកពាក្យស្នើសុំចូលជាសមាជិកនាពេលកន្លងមក៕

