សហព័ន្ធខ្មែរកីឡាអត្តពលកម្ម ចាត់ទុកការប្រកួតសិស្សបឋមសិក្សាថ្នាក់ជាតិ ជាឱកាសបណ្ដុះបណ្ដាល និងស្វែងរកធនធានកុមារបន្ដវេន
(ភ្នំពេញ)៖ លោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានចាត់ទុកការប្រកួតកីឡាបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២ គឺជាឱកាសបណ្ដុះបណ្ដាល និងស្វែងរកធនធានកុមារសម្រាប់បន្ដវេន។

ប្រមុខសហព័ន្ធខាងលើបានលើកឡើងបែបនេះ ក្នុងពិធីបើកការប្រកួតកីឡាអត្តពលកម្មនៃព្រឹត្តិការណ៍កីឡាបឋមសិក្សាថ្នាក់ជាតិ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នាពហុកីឡដ្ឋានជាតិអូឡាំពិកដោយមានកុមារា-កុមារី ជាសិស្សថ្នាក់បឋមមកពីតាមរាជធានី-ខេត្តប្រមាណ ២០០នាក់ចូលរួម។
លោកបញ្ជាក់ថា «ការប្រកួតនេះសំខាន់យើងចង់បណ្ដុះឲ្យក្មេងស្រលាញ់កីឡាពីដើមទីទៅ។ ចំពោះវិញ្ញាសាយើងធ្វើមិនបានគ្រប់ទាំងអស់ទេ ព្រោះវិញ្ញាសាសម្រាប់ក្មេង មិនមានសូវច្រើន មានរត់ ៦០ម៉ែត្រ, មានរត់ ៣០០ម៉ែត្រ មានលោតចម្ងាយ និងលោតកម្ពស់ជាដើម ជាមួយការរៀបចំបែបសប្បាយៗ ព្រោះយើងចង់ជំរុញឲ្យពួកគាត់ចូលរួម ហើយយើងចាប់ផ្ដើមបំផុសចលនានេះឈានទៅរករៀបចំជាប្រចាំតាមខេត្តទៀត»។
ទន្ទឹមជាមួយគ្នា លោក សំហេង បុរស ក៏បានអរគុណក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការរៀបចំព្រឹត្តិការណ៍នេះឡើង ជាមួយការរៀបចំកាន់តែប្រសើរ ទាំងការស្នាក់នៅ-ហូបចុក ដោយមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីផ្ដល់ភាពកក់ក្ដៅដល់សិស្សានុសិស្ស ក៏ដូចជាអាណាព្យាបាល ហើយបំផុសសកម្មភាពកីឡាជាមួយរាជរដ្ឋាភិបាល ពិសេសកីឡាអត្តពលកម្ម ដើម្បីជំរុញការអភិវឌ្ឍកាន់តែឆាប់រហ័សមួយកម្រិតទៀត។
កញ្ញា ហេង ម៉ីជូ អគ្គលេខាធិការស្ដីទីសហព័ន្ធបានបញ្ជាក់ថា សម្រាប់ប្រភេទកីឡាអត្តពលកម្មនៃ នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី០៤-០៧ ខែឧសភា ដោយមានកីឡាករ-កីឡាការិនីចូលរួម ២០០នាក់ និងប្រកួតលើ ៩វិញ្ញាសារួមមានវិញ្ញាសារត់ ៦០ម៉ែត្រកុមារា, រត់ ៦០ម៉ែត្រកុមារី, រត់ ៨០០ម៉ែត្រកុមារា, រត់ ៨០០ម៉ែត្រកុមារី, លោតចម្ងាយកុមារា, លោតកម្ពស់កុមារា-កុមារី និងវិញ្ញាសាអត្តពលកម្មកុមារចម្រុះ៕






