Barcelona នឹងចាកចេញពីកីឡដ្ឋាន Camp Nou ខណៈការកែកុនឲ្យថ្មីឡើងវិញ នឹងចាប់ផ្តើមនៅខែមិថុនាខាងមុខ
(បាសេឡូណា)៖ ក្លិបបាល់ទាត់ FC Barcelona នឹងចាប់ផ្តើមជួសជុលឲ្យថ្មីឡើងវិញនូវកីឡដ្ឋាន Camp Nou នាខែមិថុនាខាងមុខ បន្ទាប់ពីក្រុមប្រឹក្សាទីក្រុង បានផ្តល់ការអនុញ្ញាតឲ្យធ្វើការងារនេះ ដែលនឹងត្រូវការពេលវេលា ៣ឆ្នាំ ហើយក្លិបត្រូវផ្លាស់ទៅកាន់ទីលានផ្សេងទៀតសម្រាប់រដូវកាលឆ្នាំ២០២៣-២៤ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នេះ។
ក្លិបនឹងប្រកួតសម្រាប់រដូវកាលខាងមុខ ស្ទើរតែពេញសមត្ថភាពកីឡដ្ឋាន Camp Nou ប៉ុន្តែនឹងត្រូវផ្លាស់ទៅកាន់កីឡដ្ឋាន Olympic Stadium នៅភ្នំ Montjuic សម្រាប់យុទ្ធនាការបន្ទាប់ទៀត នេះបើតាមប្រធានក្លិប លោក Joan Laporta បានប្រកាសក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយអភិបាលក្រុង លោក Ada Colau នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។
Barca នឹងវិលត្រឡប់ទៅកាន់កីឡដ្ឋាន Camp Nou វិញ ក្នុងរដូវកាលឆ្នាំ២០២៤-២៥ ជាមួយនឹងការដ្ឋានសំណង់កំពុងបន្តធ្វើ ហើយអាចប្រើប្រាស់បាន ៥០ភាគរយ។ ជាមួយគ្នានោះ លោក Laporta រំពឹងថា ការជួសជុលនឹងបញ្ចប់ទាំងស្រុងនៅអំឡុងរដូវកាលឆ្នាំ២០២៥-២៦។
សូមជម្រាបថា ក្លិប Barca បានអនុម័តផែនការហិរញ្ញវត្ថុក្នុងការធ្វើប្រជាមតិកាលពីខែធ្នូឆ្នាំមុន ក្នុងនោះរួមទាំងការបង្កើនប្រាក់បន្ថែមចំនួន ១.៥ពាន់លានអឺរ៉ូ (១.៥៨ពាន់លានដុល្លារ) ដើម្បីអាចឲ្យក្លិបជួសជុលកីឡដ្ឋាន Camp Nou របស់ពួកគេ និងទីលានជុំវិញកីឡដ្ឋានដែរ៕






