ប្រាក់ចំណូលរបស់ Microsoft បានកើនឡើងជាលំដាប់ ខណៈដែលក្រុមហ៊ុននេះក៏កំពុងបង្កើនមហិច្ឆតារបស់ខ្លួនក្នុងការទិញយក Activision Blizzard ក្នុងទំហំទឹកប្រាក់ដ៏ច្រើនផងដែរ


(បរទេស)៖ ប្រាក់ចំណូលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft បានកើនឡើងខ្ពស់ហួសពីការរំពឹងទុកសម្រាប់ត្រីមាសដើមឆ្នាំ២០២២ ខណៈដែលរបាយការណ៍ថ្មីដែលក្រុមហ៊ុនបានប្រកាសបង្ហាញនៅថ្ងៃអង្គារនេះ បានស្តែងឱ្យឃើញពីកំណើនស្ទើតែគ្រប់អាជីវកម្មរបស់ខ្លួនកំពុងតែកើនឡើងខ្លាំង ក៏ដូចជាមហិច្ឆតាក្នុងការរៀបចំផែនការដើម្បីទិញយក Activision Blizzard ក្នុងតម្លៃជិត ៦៩ពាន់លានដុល្លាអាមេរិកផងដែរ។


នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។
យោងតាមសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Microsoft បានកើនឡើងជាង ១៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែមីនា បើធៀបនឹង ២០ភាគរយនៅក្នុងត្រីមាសមុន។ ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft វិញបានកើនឡើងចន្លោះពី៤ ទៅ ៦ភាគរយឯណោះ ដោយកាលពីមុនមួយហ៊ុនមានតម្លៃត្រឹមតែ ២.១៩ដុល្លា ប៉ុន្តែការប្រកាសក្រោយនេះ មួយហ៊ុនកើនឡើងដល់ទៅ ២.២២ដុល្លាអាមេរិក។
ទន្ទឹមនឹងនេះ Microsoft បានព្យាករណ៍ថា ប្រាក់ចំណូល Intelligent Cloud នឹងឡើងពី ២១.១ពាន់លានដុល្លាអាមេរិក ទៅ ២១.៣៥ ពាន់លានដុល្លាអាមេរិកសម្រាប់ត្រីមាសដើមឆ្នាំនេះ ដែលជម្រុញដោយកំណើនដ៏រឹងមាំនៅក្នុង Platform Azure ដែលផ្តោតសំខាន់ទៅលើសេវាកម្ម Cloud របស់ខ្លួន។ ក្នុងនោះមួយផ្នែកទៀតដែលជម្រុញឱ្យមានការកើនឡើងបែបនេះគឺបានមកពីទីផ្សារកុំព្យូរទ័របានធ្វើឱ្យប្រាក់ចំណូលរបស់ Windows OEM បានកើនឡើងជាង ១១ភាគរយឯណោះ។
ជាក់ស្តែងប្រាក់ចំណូលដែលរកបានពីកម្មវិធី Azure និងសេវាកម្ម cloud ផ្សេងទៀតបានកើនឡើង បានកើនឡើងជាង ៤៦ភាគរយនៅក្នុងត្រីមាសនេះបើធៀបជាមួយនឹងកំណើន ៤៦ភាគរយនៅក្នុងត្រីមាសមុន ដោយឡែកការរំពឹងទុកគឺមានត្រឹមតែ ៤៥.៣ភាគរយប៉ុណ្ណោះបើយោងតាមការស្ទង់មតិរបស់ CNBC។ បើនិយាយពីផ្នែក Software របស់ Microsoft វិញក៏បានប្រកាសពីប្រាក់ចំណូលរបស់ខ្លួនចំនួន ១៥.៧៩ពាន់លានដុល្លាអាមេរិកក្នុងត្រីមាសដើមឆ្នាំនេះដែល ដោយបានកើនឡើងប្រហែល ១៧ភាគរយ និងច្រើនជាងការប៉ាន់ប្រមាណរបស់ Street Account ដែលមានត្រឹម ១៥.៧៥ពាន់លានដុល្លាអាមេរិក។
បូករួមទាំងការនាំចេញរបស់ Microsoft បានកើនឡើង ៣.៩ភាគរយបន្ថែមទៀត ដោយមិនរាប់បញ្ចូលកុំព្យូទ័រដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Chrome OS របស់ Google ដែលកាន់តែមានប្រជាប្រិយភាពក្នុងអំឡុងពេលកូវីដ។
គួរជម្រាបដែរថា ក្រុមហ៊ុន Microsoft ក៏បានប្រកាសពីផែនការក្នុងកំឡុងត្រីមាសមុននេះដែលថាខ្លួនមានបំណងទិញយក Activision Blizzard ដែលជាក្រុមហ៊ុនគ្រប់គ្រងវីដេអូហ្គេមរបស់អាមេរិក ក្នុងតម្លៃ ៦៨.៧ពាន់លានដុល្លាអាមេរិកដែលជាប្រតិបត្តិការដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ៤៧ ឆ្នាំរបស់ Microsoft។ ខណៈដែលក្រុមហ៊ុននេះ ក៏បានបិទការបញ្ជាទិញក្រុមហ៊ុន Nuance Communications របស់ខ្លួន និងបានដាក់ចេញនូវយុទ្ធសាស្រ្តថ្មីសម្រាប់ការពង្រីកផ្នែកថែទាំសុខភាពជំនួសវិញ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram