ចិន ៖ តាមប្រភពព័ត៌មាន The Star បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ចិនមួយរូបបាននិយាយថា ប្រទេសចិននឹងធ្វើឱ្យវ៉ាក់សាំងការពារកូវីដ១៩ ក្លាយជារបស់សម្រាប់មនុស្សទូទៅ នៅពេលដែលវាត្រូវបានសម្រេចជាផ្លូវការ ក្រោយការស្រាវជ្រាវ និងការសាកល្បងជោគជ័យ។


លោក Wang Zhigang រដ្ឋមន្ត្រីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំង កាលពីម្សិលមិញថា កិច្ចសហប្រតិបត្តិការអន្តរជាតិគួរតែត្រូវបានពង្រឹងនៅក្នុងការអភិវឌ្ឍវ៉ាក់សាំង ការសាកល្បងព្យាបាល និងការអនុវត្តន៍។

លោកបន្ថែមថា ការអភិវឌ្ឍន៍វ៉ាក់សាំង គួរតែផ្តោតលើការធានាសុវត្ថិភាព ប្រសិទ្ធភាព និងមធ្យោបាយងាយស្រួល។ អត្ថបទដែលមានចំណងជើងថា «ប្រយុទ្ធប្រឆាំងកូវីដ១៩ ៖ ចិនកំពុងចេញសកម្មភាព» ត្រូវបានចេញផ្សាយដោយការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋកាលពីម្សិលមិញ ហើយក្នុងនោះបាននិយាយថា៖ «រហូតមកដល់ពេលនេះវ៉ាក់សាំងអសកម្មចំនួន៤ និងវ៉ាក់សាំងការពារ Adenovirus មួយត្រូវបានអនុម័តសម្រាប់ការសាកល្បងព្យាបាល»។

ខណៈដែលអ្នកវិទ្យាសាស្ត្រនៅប្រទេសចិន និងនៅបរទេសបានជួយគ្នាទៅវិញទៅមក ប្រទេសចិន បានដឹកនាំពិភពលោកក្នុងការអភិវឌ្ឍប្រភេទវ៉ាក់សាំងមួយចំនួន។ យោងតាមលោក Wang បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងច្រើនត្រូវបានអនុវត្តក្នុងន័យនៃការអភិវឌ្ឍវ៉ាក់សាំង។

ដោយលើកឡើងពីតួនាទីសំខាន់ដែលវ៉ាក់សាំងបានដើរក្នុងប្រវត្តិសាស្ត្រមនុស្សលោក Wang បាននិយាយថា ទាំងអ្នកវិទ្យាសាស្ត្រចិន និងអ្នកដទៃទៀតនៅក្នុងប្រទេសដទៃទៀត កំពុងព្យាយាមចូលរួមវិភាគទានក្នុងការកសាងសហគមន៍សុខភាពពិភពលោកសម្រាប់មនុស្សគ្រប់គ្នា៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram