Bella Hadid នៅតែរឹងទទឹង និយាយពីបញ្ហាអ៉ីស្រាអែល-ប៉ាឡេស្ទីន បើទោះបីជា Instagram រារាំងការបង្ហោះរបស់នាង
(អាមេរិក)៖ កំពូលតារាម៉ូដែលល្បីឈ្មោះរបស់អាមេរិក វ័យ២៥ឆ្នាំ Bella Hadid ត្រូវបានរាយការណ៍មកថា នៅតែរឹងទទឹងនិយាយ ពីបញ្ហាអ៉ីស្រាអែល-ប៉ាឡេស្ទីន នៅលើបណ្តាញសង្គម Instagram របស់ខ្លួន បើទោះបីជាក្រុមហ៊ុនបណ្តាញ សង្គមមួយនេះ បានរារាំងការបង្ហោះរបស់នាង អំពីបញ្ហានេះក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន International The News នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។

នាពេលថ្មីៗនេះ Bella Hadid បានប្រើប្រាស់បណ្តាញសង្គម Instagram របស់នាងនិយាយជាសាធារណៈ ពីសកម្មភាពឃោរឃៅមួយចំនួនរបស់អ៊ីស្រាអែល ទៅលើជនជាតិប៉ាឡេស្ទីន នៅក្នុងវិហារអ៊ីស្លាម Al-Aqsa។
គួរជម្រាបថា ការបញ្ចេញមតិរបស់នាង គឺត្រូវបានធ្វើឡើង បន្ទាប់ពីនាងទទួលបានវីដេអូមួយចំនួន បង្ហាញពីសកម្មភាព របស់ជនជាតិប៉ាឡេស្ទីន មានទាំងស្រ្តីចំណាស់ កុមារ និងបុរសពេញវ័យ ត្រូវបានប៉ូលីសអ៉ីស្រាអែល វាយប្រហារ ដែលមើលទៅគួរឲ្យអាណិតអាសូរ ដោយនាងអះអាងថា សកម្មភាពទាំងនោះ គឺជាការរំលោភសិទ្ធមនុស្ស៕




