សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា រៀបចំវេទិកាសាកលវិទ្យាល័យ និងវិស័យឯកជនលើកទី១
(ភ្នំពេញ)៖ សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ បានរៀបចំវេទិកាសាកលវិទ្យាល័យ និងវិស័យឯកជនលើកទី១ ក្រោមអធិបតីដោយអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យខេមតិច និងជាប្រធាន សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និង អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុនជីប ម៉ុងគ្រុប។

មានប្រសាសន៍បើកកម្មវិធី អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានសង្កត់ពីគោលបំណងវេទិកានេះថា ជាការប្រឹក្សាយោបល់ទូលំទូលាយ និងពិភាក្សាប្រមូលធាតុចូល ដើម្បីរៀបចំកម្មវិធីសិក្សាឱ្យមានស្តង់ដារ និងធានាគុណភាពអប់រំដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា ទាំងស្ថាប័នរដ្ឋនិងឯកជន។ បន្ថែមពីនេះទៀត វាជាការបង្កើតឱ្យមានក្របខណ្ឌនិងយន្តការជាក់លាក់មួយ ព្រមទាំងបង្កើតបរិយាកាសអំណោយផលលើកិច្ចសហប្រតិបិតិ្តការ និងភាពជាដៃរវាងសាកលវិទ្យាល័យនិងវិស័យឯកជនផ្តោតលើការអភិវឌ្ឍជំនាញ នវានុវត្តន៍ និងសហគ្រិនភាព។
អ្នកឧកញ៉ាបណ្ឌិត ក៏បានសំណូមពរឱ្យមានការចូលរូម និងគាំទ្របន្ថែមពីវិស័យឯកជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាការអភិវឌ្ឍគ្រឹះស្ថានអប់រំ និងវប្បធម៌ចែករំលេកបទពិសោធន៍ល្អៗ ក្នុងការជំរុញឱ្យមានភាពរីកចំរើនទាំងអស់គ្នា។
បន្ទាប់ពីមតិថ្លែងសារគន្លិះរបស់អ្នកឧកញ៉ាបណ្ឌិត សាកលវិទ្យាល័យបានចុះអនុស្សរណៈយោគយល់គ្នារវាងដៃគូឧស្សាហកម្ម រួមមាន៖
● ធនាគារកាណាឌីយ៉ា
● ក្រុមហ៊ុនជីប ម៉ុងគ្រុប
● ក្រុមហ៊ុនអាយ អេស អាយ គ្រុប
● មេហ្គា អាសិត មេនិចមេន
ក្នុងកម្មវិធីនេះ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានចែកវិញ្ញាបនបត្រអាហារូបករណ៍ទេពកោសល្យស្ទែម (STEM Genius Scholarship) ជូនដល់និសិ្សតរបស់ខេមតិចផងដែរ។
ចំណែក អ្នកឧកញ៉ា លៀង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រសាសន៍ថា សាកលវិទ្យាខេមតិចជាស្ថាប័នដែល ផ្តល់នៅការអប់រំឧត្តមសិក្សា ផ្នែកបច្ចេកទេស និងវិទ្យាសាស្រ្តជាជំនាញចាំបាច់លើគ្រប់វិស័យជាពិសេសវិស័យឯកជន ក៏ជាកាជួយជំរុញលើការលូតលាស់សេដ្ឋកិច្ច និងសង្គមជាតិតរបស់ប្រទេសកម្ពុជា។ អ្នកឧកញ៉ាតែងតែគាំទ្រក្នុងការកែប្រែសហគមន៍អោយបានល្អ និងចូលរួមក្នុងការផ្លាស់ប្តូរសង្គមជាវិជ្ជមាន ផ្តើមចេញពីការអប់រំនិងអភិចឌ្ឍធនធានមនុស្ស៕

















