ព្រះមហាក្សត្រកម្ពុជា ផ្ញើព្រះរាជសារជូន លោកប្រធានាធិបតី ស៊ី ជិនពីង ចូលរួមរំលែកទុក្ខចំពោះករណីធ្លាក់យន្តហោះនៅតំបន់ក្វាងស៊ី បណ្ដាលឲ្យមនុស្ស១៣២នាក់ស្លាប់
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជូនចំពោះ លោក Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះឧបទ្ទវហេតុធ្លាក់យន្តហោះដ៏រន្ធត់ ដែលបណ្តាលឲ្យបាត់បង់ជីវិតមនុស្សចំនួន ១៣២នាក់។

នៅក្នុងព្រះរាជសារ ព្រះមហាក្សត្របានមានព្រះបន្ទូលដូច្នេះថា៖ «ខ្ញុំពិតជាមានអារម្មណ៍សោកសៅជាខ្លាំងដែលបានទទួលដំណឹងថាយន្ដហោះមួយគ្រឿងដឹកអ្នកដំណើរ ១៣២នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានធ្លាក់នៅឯតំបន់ភ្នំ ស្ថិតក្នុងតំបន់ក្វាងស៊ី (Guangxi) នៃភាគខាងត្បូងប្រទេសចិន កាលពីរសៀលថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ។
នៅក្នុងរយៈពេលនៃទុក្ខសោកនេះ, សម្ដេចព្រះមហាក្សត្រីនរោត្ដមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ, គ្រួសាររាជវង្ស និងប្រជាជនកម្ពុជា ទាំងអស់ សូមចូលរួមជាមួយខ្ញុំ ដើម្បីចូលរួមរំលែកមរណទុក្ខយ៉ាងសោកសៅ ទៅកាន់ឯកឧត្ដម និងក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ។
យើងសូមបន់ស្រន់ចំពោះក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ ហើយយើងជឿជាក់ថាពួកគេនឹងឆ្លងផុតពេលវេលាដ៏សោកសៅមួយនេះ»។
សូមបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរ China Eastern ប្រភេទ Boeing 737-800 បានធ្លាក់នៅឯតំបន់ភ្នំ ក្បែរទីក្រុងវូចូវ (Wuzhou) នៃតំបន់ក្វាងស៉ី (Guangxi) កាលពីថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២នេះ កំលុងគោលដៅធ្វើដំណើរពី ទីក្រុងគួនមីង (Kunming) នៃខេត្តយូនណាន (Yunnan) ឆ្ពោះទៅកាន់ទីក្រុងក្វាងចូវ (Guangzhou) នៃខេត្តក្វាងទុង (Guangdong)។
នៅលើយន្តហោះនោះ មានវត្តមានអ្នកដំណើរ១២៣នាក់ និងក្រុមការងារយន្តហោះ៩នាក់។ មន្រ្តីអាកាសចរណ៍ចិនមួយរូប នៅថ្ងៃពុធនេះ បានឱ្យដឹងថា ប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់ខ្មៅទាំង២ របស់យន្តហោះ ផ្ទុកអ្នកដំណើរផ្ទុកមនុស្ស១៣២នាក់ ដែលធ្លាក់កាលពីដើមសប្តាហ៍នេះ ត្រូវបានរកឃើញហើយ៕






