កិច្ចប្រជុំលើកទី៥ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៣ បានបិទបញ្ចប់នៅទីក្រុងប៉េកាំង

(ប៉េកាំង)៖ នាព្រឹកថ្ងៃទី១១ ខែមីនា បន្ទាប់ពីបញ្ចប់របៀបវារៈគ្រប់ខយ៉ាងគាប់ប្រសើរ កិច្ចប្រជុំលើកទី៥ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន (NPC) នីតិកាលទី១៣ បានបិទបញ្ចប់នៅសាលប្រជុំប្រជាជន នៅក្រុងប៉េកាំង។
កិច្ចប្រជុំបានបិទបញ្ចប់ក្រោមអធិបតីភាពលោក Li Zhanshu ប្រធានគណៈអចិន្ត្រៃយ៍នៃគណៈអធិបតីមហាសន្និបាត និងមានការអញ្ជើញជាគណៈអធិបតីពីថ្នាក់ដឹកនាំបក្ស និងរដ្ឋរួមមានលោក Xi Jinping ប្រធានរដ្ឋចិន និងលោក Li Keqiang នាយករដ្ឋមន្រ្តីចិនជាដើម។


មហាសន្និបាតបានអនុម័តរបាយការណ៍ការងាររដ្ឋាភិបាល របាយការណ៍ការងារគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន របាយការណ៍ការងាររបស់តុលាការកំពូលប្រជាជន និងរបាយការណ៍ការងាររបស់សាលាអយ្យការកំពូលប្រជាជន។


មហាសន្និបាតបានអនុម័តសេចក្តីសម្រេចចិត្ត អំពីការធ្វើវិសោធនកម្មចំពោះ «ច្បាប់តំណាងប្រជាជនតាមមូលដ្ឋាន និងរដ្ឋបាលមូលដ្ឋានគ្រប់ជាន់ថ្នាក់ នៃសាធារណរដ្ឋប្រជាមានិតចិន»។ មហាសន្និបាតបានបោះឆ្នោតអនុម័ត សេចក្តីសម្រេចចិត្តអំពីចំនួនតំណាងប្រជាជន និងការជ្រើសរើសតំណាងប្រជាជននៃ NPC នីតិកាលទី១៤, វិធីសាស្ត្រអំពីការជ្រើសរើសតំណាងប្រជាជននៃ NPC នីតិកាលទី១៤ នៅតំបន់រដ្ឋបាលពិសេសហុងកុង, វិធីសាស្ត្រអំពីការជ្រើសរើសតំណាងប្រជាជននៃ NPC នីតិកាលទី១៤ នៅតំបន់រដ្ឋបាលពិសេសម៉ាកាវ។ យោងតាមសេចក្តីសម្រេចចិត្តអំពីចំនួនតំណាងប្រជាជន និងការជ្រើសរើសតំណាងប្រជាជននៃ NPC នីតិកាលទី១៤ ការជ្រើសរើសតំណាងប្រជាជននៃ NPC នីតិកាលទី១៤ នឹងធ្វើឡើងនៅខែមករា ឆ្នាំ២០២៣៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram