កម្ពុជាឡើងការពាររបាយការណ៍ជាតិ ពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ នៅអង្គការសហប្រជាជាតិ

(ភ្នំពេញ)៖ ប្រតិភូកម្ពុជាមួយក្រុម នឹងឡើងការពាររបាយការណ៍ជាតិ ពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ក្នុងសម័យប្រជុំលើកទី១៣៤ នៃគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។
ប្រតិភូកម្ពុជាដែលឡើងការពាររបាយការណ៍នេះ ដឹកនាំដោយ លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងឱ្យ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយមានការចូលរួមពី អន្តរក្រសួង រួមមាន ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួង យុត្តិធម៌ ក្រសួងកិច្ចការនារី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងព័ត៌មានជាដើម។


តាមការប្រកាសរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា ការការពាររបាយការណ៍ជាតិរបស់កម្ពុជានឹងប្រព្រឹត្តទៅក្នុងទម្រង់ Hybrid ដោយគណៈប្រតិភូកម្ពុជាចូលរួមតាមប្រព័ន្ធវីដេអូ និងតម្រូវឱ្យឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ មានវត្តមាននៅក្នុងសាលប្រជុំជាមួយសមាជិករបស់គណៈកម្មាធិការសិទ្ធិមនុស្ស អង្គការសហប្រជាតិ។
ការការពាររបាយការណ៍នេះ ជាយន្តការមួយរបស់គណៈកម្មាធិការសិទ្ធិមនុស្ស អង្គកាសហ ប្រជាជាតិ ដែលត្រូវធ្វើឡើងនៅរៀងរាល់ ៤ ឆ្នាំម្តង សម្រាប់តាមដាននិងធ្វើឱ្យប្រសើរឡើងនូវ ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសទាំងអស់ដែលជាសមាជិកអង្គការសហប្រជាជាតិ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram