ប៉ុស្តិ៍ទូរទស្សន៍ RT នឹងចាក់ផ្សាយនៅលើ Rumble បន្ទាប់ពីបណ្តាញបច្ចេកវិទ្យាធំៗជាច្រើនបានរាំងខ្ទប់
(បរទេស)៖ ប៉ុស្តិ៍ទូរទស្សន៍ RT ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសរុស្ស៊ីបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងចាប់ផ្តើមចាក់ផ្សាយនៅលើ Rumble ដែលជាគេហទំព័រវីដេអូស្រដៀងទៅនឹង YouTube បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗរួមទាំង Meta Platforms និង Twitter បានរាំងខ្ទប់ការចូលប្រើប្រាស់របស់ RT ខណៈដែលរុស្ស៊ីចូលទៅឈ្លានពានលើអ៊ុយក្រែន។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២។
ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងប៉ុន្មានថ្ងៃថ្មីៗនេះបានធ្វើការរឹតបន្តឹងជាខ្លាំងទៅលើប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋរបស់រុស្ស៊ីរួមទាំងប៉ុស្តិ៍ទូរទស្សន៍ RT និង Sputnik ដើម្បីឆ្លើយតបទៅនឹងសំណើររបស់រដ្ឋាភិបាល និង ការអំពាវនាវដើម្បីទប់ស្កាត់ការរីករាលដាលនៃការឃោសនារបស់រុស្ស៊ី។

ទន្ទឹមនឹងនេះដែល Meta ដែលជាមេធំរបស់ Facebook បានប្រកាសបង្ហាញថាខ្លួនកំពុងលុបមាតិកាជាសកលចេញពីទំព័រ Facebook និង គណនី Instagram របស់បណ្តាញផ្សព្វផ្សាយដែលត្រូវបានគ្រប់គ្រងដោយរដ្ឋរុស្ស៊ី។ ហើយក្នុងនោះដែរ ក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មាន Roku ក៏បានដក ប៉ុស្តិ៍ទូរទស្សន៍ RT ចេញពី Roku Channel Store របស់ខ្លួនផងដែរ។
គួរជម្រាបដែរថា Rumble គឺជាគេហទំព័រវីដេអូដែលពេញនិយមជាងគេក្នុងចំណោមអ្នកអភិរក្សនយោបាយរបស់សហរដ្ឋអាមេរិក ខណៈដែរគេហទំព័រនេះក៏មានការសហការជាមួយនឹងអតីតប្រធានាធិបតេយ្យអាមេរិកលោក Donald Trump ក្នុងការផ្តល់ជាវីដេអូ និង ផ្សព្វផ្សាយសម្រាប់ Truth Social ដែលជាកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មីដែលទើបនឹងប្រកាសជាផ្លូវការកាលពីប៉ុន្មានសប្តាហ៍មុន៕

