រថយន្តធុនដ្រាប្រលះក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់អស់ ៣កង់….

ភ្នំពេញ: បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកធុនដ្រាបានជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់ចំនួន៣ កង់ រថយន្តខូចខាតផ្នែកខាងមុខខាងឆ្វេងនិងកល់ជាប់ទៅមុខលែងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង ៣០ នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី ២៨ ខែឧសភាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវ ៣៦០ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តធុនដ្រាមួយគ្រឿងពណ៌កណ្ដុរប្រមេះពាក់ស្លាកលេខភ្នំពេញ2AX-2543ធ្វើសំណើតាមបណ្តោយផ្លូវព្រះមុនីវង្សទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវ ៣៦០ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់ចំនួន៣ កង់ រថយន្តបង្កខូចខាតផ្នែកខាងមុខខាងឆ្វេង កង់មុខកៀបជាប់ជាមួយទ្រូងផ្លូវទៅមុខលែងរួច។បន្ទាប់មកម្ចាស់រថយន្តបង្កបានបើកទ្វាររថយន្តចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram