Winter Olympics 2022 ត្រូវបានបិទបញ្ចប់ជាផ្លូវការ គ្រាដែលប្រធាន IOC បំផុសឲ្យមានសាមគ្តីភាពក្នុងកីឡា
(ប៉េកាំង)៖ ព្រឹត្តិការណ៍កីឡាចម្រុះរដូវកាលរងា Beijing Winter Olympic Games 2022 លើកទី២៤ នៅទីក្រុងប៉េកាំង ប្រទេសចិន ត្រូវបានបិទបញ្ចប់ជាផ្លូវការហើយនៅរាត្រីថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈនេះ ដ្បិតលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC ស្នើសុំឲ្យមានសាមគ្គីភាព និងសន្តិភាពក្នុងកីឡា។

យុទ្ធនាការដែលមាន ៤ឆ្នាំខាងលើនេះ បានចំណាយពេលប្រកួតជាង ២សប្តាហ៍ពោលគឺចាប់ពីថ្ងៃទី០៤ និងបញ្ចប់ទៅវិញនៅថ្ងៃទី២០ ខែកុម្ភៈនេះ មានអត្តពលិកសរុបចំនួន ៣០០០នាក់មកពី ៩១ប្រទេសចូលរួមបានធ្វើការប្រកួតប្រជែងមេដាយក្នុងចំណោម ១៥ប្រភេទកីឡា និងចែកចេញជា ១០៩វិញ្ញាសាប្រកួតដែលសុទ្ធសឹងលេងលើទីលានដែលមានទឹកកកទាំងអស់។
ដូចគ្នានោះដែរ នៅពេលថ្លែងសុន្ទកថាបិទបញ្ចប់ Beijing Winter 2022 បុរសសញ្ជាតិអាល្លឺម៉ង់ដែលជាប្រធាន IOC នោះក៏បានអំពាវនាវផងថា «សូមបង្ហាញជាគំរូដល់អត្តពលិកនៅជុំវិញពិភពលោកផង ចំពោះការសាមគ្គីភាព និងសន្តិភាពក្នុងកីឡា។ វាពុំមែនជាការបង្ហាញឥទ្ធិពលអ្វីទេតាមរយៈកីឡានេះ និងនៅម្ខាងពីពួកយើងដែរ។ ការផ្តល់សន្តិភាព គឺហាក់បីដូចជាផ្តល់ឱកាស»។
លោកថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានបញ្ជូនអត្តពលិករបស់ខ្លួនមកចូលរួមប្រកួតប្រជែងមេដាយនៅ Beijing Olympics 2022 ទោះកំពុងមានភាពតានតឹងដាក់គ្នាយ៉ាងណាក៏ដោយ។

ជាលទ្ធផល ក្រុមអត្តពលិកនៃប្រទេសន័រវេសបានឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងតារាងមេដាយនៅពេលឈ្នះបានមេដាយសរុប ៣៧គ្រឿងច្រើនជាងគេ ដ្បិតអាល្លឺម៉ង់ឈរនៅលេខ២ មាន ២៧គ្រឿង និងម្ចាស់ផ្ទះចិន ឈ្នះមេដាយសរុប ១៥គ្រឿងឈរនៅលេខ៣។
ព្រឹត្តិការណ៍ Winter Olympics ៤ឆ្នាំបន្ទាប់នឹងធ្វើឡើងនៅទីក្រុង Milan និង Cortina ប្រទេសអ៉ីតាលី ពោលគឺនៅឆ្នាំ២០២៦ ដ្បិតប៉ារ៉ាអូឡាំពិករដូវរងាដដែល នឹងធ្វើឡើងនៅទីក្រុង Beijing ប្រទេសចិនចាប់ពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ តទៅ៕




















