ប្រធានសហព័ន្ធបាល់ទាត់អ៉ីតាលី ស្នើដល់លីគ Serie A ពន្យារពេលប្រកួត មុនប្រកួតវគ្គជម្រុះផ្តាច់ព្រ័ត្រ World Cup របស់ខ្លួន
(រ៉ូម)៖ សហព័ន្ធបាល់ទាត់អ៉ីតាលី (FIGC) បានស្នើសុំឲ្យមានការពន្យារពេលប្រកួតលីគ Serie A ១ជុំ ដើម្បីជួយដល់ក្រុមជម្រើសជាតិអាសូរីអ៉ីតាលី ក្នុងការត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គជម្រុះផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ២០២២ នេះបើតាមសម្តីប្រធាន FIGC លោក Gabriele Gravina ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៥ ខែកុម្ភៈ។
លោក Gravina មានបំណងចង់ឲ្យមានការពន្យារពេលការប្រកួតជុំទី៣០ នៅ Serie A ដែលគ្រោងនឹងធ្វើឡើងនៅចុងសប្តាហ៍នាថ្ងៃទី១៩-២០ ខែមីនាខាងមុខ ដើម្បីឲ្យក្រុមជម្រើសជាតិអ៉ីតាលី មានពេលវេលាត្រៀមខ្លួនបានកាន់តែច្រើន តាមដែលអាចធ្វើទៅបាន។
«យើងបានស្នើសុំឲ្យមានការពន្យារពេល ហើយយើងរំពឹងថា លីគអាចផ្តល់ឲ្យគ្រូបង្វឹកអ៉ីតាលី លោក Roberto Mancini មានពេលវេលាកាន់តែច្រើន» នេះបើតាមសម្តីលោក Gravina បានប្រាប់វិទ្យុ Radio Anch’io Sport។
ក្រុមអ៉ីតាលី ដែលជាម្ចាស់ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប ឆ្នាំ២០២០ នោះបានកំពុងប្រឈមនឹងភាពបរាជ័យក្នុងការប្រកួតជម្រុះ World Cup លើកទី២ ជាប់ៗគ្នា បន្ទាប់ពីបញ្ចប់ត្រឹមតាមពីក្រោយក្រុមស្វីស ក្នុងវគ្គជម្រុះក្នុងពូលជុំទី១ របស់ពួកគេ ហើយត្រៀមប៉ះក្រុមម៉ាសេដូនខាងជើង ក្នុងវគ្គជម្រុះផ្តាច់ព្រ័ត្រនៅទីក្រុង Palermo នាថ្ងៃទី២៤ ខែមីនាខាងមុខទៀតដែរ៕

