តារាល្បី Angelina Jolie សម្រក់ទឹកភ្នែកចំពោះមុខសភាអាមេរិក ពេលស្នើឲ្យមានការអនុវត្តឡើងវិញ នូវច្បាប់ប្រឆាំងការប្រើអំពើហិង្សាលើស្ត្រី និងកុមារ
(អាមេរិក)៖ ក្រុមអ្នកច្បាប់នៃសភាអាមេរិក នៅថ្ងៃពុធសប្តាហ៍នេះ បានយល់ព្រមទៅលើកិច្ចព្រមព្រៀងមួយ ក្នុងការបង្កើតឲ្យមានការអនុវត្តឡើងវិញ នូវច្បាប់ដែលបានផុតកំណត់ជាយូរមកហើយ ពាក់ព័ន្ធការការពារសិទ្ធស្ត្រី និងកុមារ ពីការប្រើប្រាស់អំពើហិង្សារ។ ការយល់ព្រមនេះ ត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីតារាហូលីវូដល្បីឈ្មោះ នាង Angelina Jolie ថ្លែងសារទាំងទឹកភ្នែក ចំពោះការគាំទ្រឲ្យមានច្បាប់នេះឡើងវិញ។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា លោកស្រី Angelina Jolie បានថ្លែងសារនៅចំពោះមុខសមាជិកសភាអាមេរិក ដោយទទួលស្គាល់ថា ស្ត្រី និងកុមារ ដែលទទួលបានការគំរាមគំហែង គឺពិតជាត្រូវការច្បាប់ការពារសិទ្ធរបស់ពួកគេខ្លាំងណាស់ ហើយមើលទៅច្បាប់នេះ ហាក់បីដូចជាយឺតយ៉ាវក្នុងការអនុម័តឲ្យមានការអនុវត្តឡើងវិញ។

ជាក់ស្តែង ច្បាប់ប្រឆាំងនឹងការប្រើប្រាស់អំពើហិង្សាលើស្ត្រី គឺបានផុតកំណត់តាំងពីចុងឆ្នាំ២០១៨ ហើយប្រធានាធិបតីអាមេរិក លោក Joe Biden ដែលដើមឡើយជាបុគ្គលមួយរូបគាំទ្រច្បាប់មួយនេះ តាំងពីឆ្នាំ១៩៩៤មក គឺមានសិទ្ធធ្វើការងារលើរឿងនេះ ដើម្បីឲ្យវាបានអនុវត្តជាថ្មីឡើងវិញ។

ជុំវិញការចេញមុខពីសំណាក់តារាល្បី Angelina Jolie នៅពេលនេះ គេសង្កេតឃើញថា សភាអាមេរិកបានយល់ព្រម ក្នុងការសម្របសម្រួល ដើម្បីឲ្យឈានដល់គោលដៅ ខណៈលោក Biden បានចេញសេចក្តីថ្លែងការណ៍ដោយសង្កត់ធ្ងន់ថា លោករីករាយចំពោះដំណើរការមួយនេះ និងទន្ទឹងរង់ចាំសភាបញ្ចូនមកលើតុរបស់លោក ដោយមិនពន្យារពេលនោះទេ៕


