ប្រទេសកាណាដា នឹងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥

(ភ្នំពេញ)៖ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សា ជាមួយ លោកស្រី Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដាប្រចាំប្រទេសថៃ កម្ពុជា និងឡាវ ពិភាក្សាការងារស្តីពីភាពជាគូរ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា។


ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកាណាដា ដែលសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជាលើកិច្ចខិតខំប្រឹងប្រែង ក្នុងការហាមប្រាមគ្រាប់មីន ប្រឆាំងមនុស្សនៃអនុសញ្ញាអូតាវ៉ា ព្រមទាំងបានចូលរួមដល់ការងារបោសសម្អាតមនុស្សធម៌នៅកម្ពុជាក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី១ គម្រោងពង្រឹងការអភិវឌ្ឍវិស័យកសិកម្មនិងសកម្មភាពមីន និងការបោសសម្អាតមីនតាមភូមិក្នុងខេត្តបាត់ដំបង។


ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានលើកឡើងជម្រាបប្រាប់ដល់ឯកអគ្គរដ្ឋទូតកាណាដា អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ដែលជាលទ្ធផលនៃសង្រ្គាមរ៉ាំរ៉ៃអូសបន្លាយនៅក្នុងប្រទេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៦០ និងការចាប់ផ្តើមបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជាចាប់ពីឆ្នាំ១៩៩២។
លោកបានបន្តទៀតថា ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចុងឆ្នាំ១៩៩៨ កម្ពុជា ទទួលបានសន្តិភាពពេញលេញទូទាំងប្រទេស ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ដោះស្រាយការគម្រាមកំហែងដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះ ប្រកបដោយប្រសិទ្ធភាព និងគ្មានការភ័យខ្លាច។


លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ក្នុងឆ្នាំ២០២២នេះ កម្ពុជានឹងរៀបចំពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ នៃការងារបោសសម្អាតមីន/គ្រាប់នៅកម្ពុជា ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធសកម្មភាពមីនទាំអស់។
លោកស្រីឯកអគ្គរដ្ឋទូត Sarah Taylor បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃការងារបោសសម្អាតមីននៅកម្ពុជារយៈពេល ៣០ឆ្នាំ ហើយលោកស្រីឯកអគ្គរដ្ឋទូត នឹងចូលរួមជាមួយសម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងពិធីអបអរសាទររំលឹកខួបទី៣០ឆ្នាំនេះ។


ជាមួយគ្នានេះ លោកស្រីឯកអគ្គរដ្ឋទូត បានអះអាងថា ប្រទេសកាណាដា នឹងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ ព្រមទាំងនឹងចូលរួមគាំទ្រដល់ការពិនិត្យឡើងវិញ នូវការគ្រប់គ្រងទិន្នន័យសកម្មភាពមីន ការសិក្សាស្រាវជ្រាវកាត់បន្ថយផ្ទៃដីរងផលប៉ះពាល់ដោយសារមីន/គ្រាប់ និងគាំទ្រជំនួយបច្ចេកទេសលើការកៀរគរធនធានសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជាផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram