ដកហូតទំនិញបរិភោគ និងភេសជ្ជៈចម្រុះមានបញ្ហាប្រមាណ៣០០គីឡូក្រាម

ខេត្តកំពង់ស្ពឺ ៖ ទំនិញឧបភោគបរិភោគ ទំនិញប្រើប្រាស់ និងភេសជ្ជៈចម្រុះ មិនអនុលោមភាពផ្នែកគុណភាពសរុបប្រមាណ៣០០គីឡូក្រាម ត្រូវបានមន្ត្រីអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ពិនិត្យឃើញ និងដកហូតពីទីផ្សារស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រុងសៀមរាប និងស្រុកពួក ខេត្តសៀមរាប ស្រុកកំចាយមារ ខេត្តព្រៃវែង ។ នេះបើយោងតាមអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានផ្សាយនាថ្ងៃទី២៦ ខែមករានេះ ។


មន្ត្រី ក.ប.ប. ប្រចាំនៅខេត្តទាំង៣ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះបានបន្តប្រតិបត្តិការត្រួតពិនិត្យគុណភាពសុវត្ថិភាពទំនិញម្ហូបអាហារ ក៏ដូចជា ទំនិញប្រើប្រាស់នានា នៅតាមទីផ្សារ ដើម្បីធានាបាននូវការការពារសុខុមាលភាពជូនប្រជាពលរដ្ឋ ដោយបានធ្វើការត្រួតពិនិត្យឃើញ និងដកហូតនូវទំនិញមិនមានអនុលោមភាពប្រភេទពពុះសណ្តែក និងបបែលក្រៀមចំនួន៩.៨គីឡូក្រាម រួមទាំងភេសជ្ជៈចម្រុះ នំចម្រុះ គ្រឿងសម្អាងពុំអនុលោមតាមបទដ្ឋានព័ត៌មាន និងគ្រឿងឧបភោគបរិភោគផ្សេងទៀត សរុបចំនួន២៨៨.៧៧គីឡូក្រាម និងអាល់កុលក្លែងក្លាយចំនួន១កានផងដែរ ។


ចំពោះទំនិញដែលមិនមានអនុលោមភាពខាងលើ ត្រូវបានមន្ត្រីជំនាញ ក.ប.ប. ដកហូតយកមករក្សាទុក ដើម្បីរៀបចំនីតិវិធីដុតកម្ទេចចោល នាពេលក្រោយ ដោយឡែកអាជីវករដែលប្រព្រឹត្តល្មើស ត្រូវបានទទួលការអប់រំណែនាំពីមន្ត្រីជំនាញ និងទទួលការពិន័យអន្តរការណ៍ស្របតាមច្បាប់ផងដែរ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram