រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូអូសជាច្រើនម៉ែត្របណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ

ភ្នំពេញ:បុរសម្នាក់បានបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័មបន្ទាប់ពីជិះម៉ូតូមួយគ្រឿងឆ្លងផ្លូវត្រូវរថយន្តបុកអូសជាង២០ម៉ែត្រ រួចបើករត់គេចខ្លួនបាត់ កាលពីវេលាម៉ោង០១ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ នៅចំណុចមុខការ៉ាស់សាំងតេលា តាមបណ្ដោយផ្លូវ ១៨២កែងនឹង ២៥៧ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពរងគ្រោះមានឈ្មោះ ណាត វិន ភេទប្រុស អាយុប្រហែល៣០ឆ្នាំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាក yamaha ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1CP-5123ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៥៧ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចផ្លូវបែកជាបួនកន្លែងកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកធ្វើដំណើរតាមបណ្តោយផ្លូវ ១៨២ ទិសដៅពីកើតទៅលិច បុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យអូសម៉ូតូជាង២០ ម៉ែត្រ ចំណែកជនរងគ្រោះបានបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ។ឯរថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រម៉ោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុនិងស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram