ពានសម្ដេចតេជោ ហ៊ុន សែន នឹងចាប់ផ្ដើមប្រកួតនាថ្ងៃទី០៨-កុម្ភៈ ខណៈចែកចេញជា ៣ដំណាក់កាល

(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ គ្រោងនឹងចាប់ផ្ដើមការប្រកួត នាដើមខែក្រោយនេះហើយ ដោយធ្វើការកែប្រែប្រព័ន្ធប្រកួតថ្មី ចែកចេញជា ៣ដំណាក់កាល។ នេះបើយោងតាមក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា។


សម្រាប់ដំណាក់កាលទី១ គឺការប្រកួតពានថ្នាក់ខេត្ត ដែលនឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី០៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២។ រីឯដំណាក់កាលទី២ គឺវគ្គជម្រុះពានថ្នាក់ជាតិ ដែលត្រូវចាប់ផ្ដើមការប្រកួតពីថ្ងៃទី២១ ខែមិថុនា និងដំណាក់កាលទី៣ គឺការប្រកួតពានថ្នាក់ជាតិ ចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ តទៅ។


ប្រភពខាងលើបានបញ្ជាក់ថា សម្រាប់ពានរង្វាន់សម្ដេចតេជោ-ថ្នាក់ខេត្ត ដែលត្រូវប្រកួតក្នុងដំណាក់កាលទី១ គឺមាន ១៧ក្រុមចូលរួម។ ចំណែកលក្ខខណ្ឌការប្រកួតដំណាក់កាលទី២ និងទី៣ ពុំទាន់ត្រូវបានក្រុមហ៊ុនបាល់ទាត់កម្ពុជាបញ្ជាក់នោះទេ។
គួរដឹងថា នេះជាលើកដំបូងហើយដែលពានសម្ដេចតេជោ ហ៊ុន សែន បានកំណត់ឲ្យមានការប្រកួតវគ្គជម្រុះពានថ្នាក់ជាតិ ដ្បិតប៉ុន្មានឆ្នាំចុងក្រោយនេះ មានតែការប្រកួតពានថ្នាក់ខេត្ត និងពានថ្នាត់ជាតិប៉ុណ្ណោះ។ រីឯ ២រដូវកាលចុងក្រោយនេះ ពានរង្វាន់ប្រើប្រាស់តែធនធានកីឡាករក្នុងស្រុកមួយនេះ គឺគ្រងជើងឯកដោយក្រុមវិសាខា៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram