ប្រុសស្រី៤នាក់ណាត់គ្នាបង្ហោះម៉ូតូថតដាក់ Tik Tok សមត្ថកិច្ចមកដល់ឃើញស្តែងៗ
ខេត្តកំពង់ស្ពឺ ៖ យុវជនស្ទាវប្រុសស្រីចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកសំរោងទង ធ្វើការឃាត់ខ្លួន បន្ទាប់ពីពួកគេបានណាត់ជួបគ្នាមកបង្ហោះម៉ូតូ ហើយថតដាក់នៅក្នុងបណ្ដាញសង្គម Tik Tok ដើម្បីចែកចាយទៅឲ្យហ្វ្រេនៗរបស់គេមើល។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានកសាងសាវតាជាតិ និងហៅអាណាព្យាបាលឲ្យមកទទួលយកទៅអប់រំបន្ត ព្រោះពួកគេសុទ្ធតែជាអនីតិជន និងមិនទាន់បង្កបញ្ហាដល់សង្គម ឬជនណាម្នាក់ឡើយ។

ការបង្ក្រាបក្រុមយុវជនទំនើងខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ស្ថិតលើផ្លូវល្បឿនលឿន ក្នុងភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនគរបាលស្រុកសំរោងទង បានធ្វើការល្បាតតាមដងផ្លូវដើម្បីបង្ការទប់ស្កាត់មិនឱ្យមានបទល្មើសកើតឡើង ហើយក្នុងអំឡុងពេលដែលកំពុងល្បាតនោះ សមត្ថកិច្ចក៏បានប្រទះយុវជនទំនើងមួយក្រុមមានគ្នាចំនួន៤នាក់ ដោយយុវជនទំនើង៣នាក់ជិះម៉ូតូ៣គ្រឿងកំពុងតែធ្វើសកម្មភាពបង្ហោះម៉ូតូ ក្នុងនោះមានម្នាក់ជាអ្នកនៅចាំថតសកម្មភាពពេលបង្ហោះម៉ូតូនោះ។

ប្រភពដដែលបន្តថា ក្រោយពីប្រទះឃើញសកម្មភាពបែបនេះហើយ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនយុវជនទំនើងទាំង៤នាក់នោះតែម្តង។ ក្រោយពីឃាត់ខ្លួន ក្រុមយុវជនទំនើងទាំង៤នាក់នោះ បានឆ្លើយសារភាពថា «ពួកគេបានធ្វើសកម្មភាពបង្ហោះម៉ូតូ និងជិះប្រណាំងគ្នានេះ ដោយថតជាវីដេអូបង្ហោះចែកចាយក្នុងបណ្ដាញសង្គមតិកតុក (Tik Tok) ដើម្បីឱ្យហ្វ្រេនរបស់គេក្នុងបណ្ដាញសង្គមនោះ បានឃើញថា ពួកគេមានទេពកោសល្យ និងចិត្តហានក្លា»។

ប្រភពដដែលបន្តទៀតថា ក្រុមយុវជនទាំង០៤នាក់ខាងលើនោះ ក៏មានស្រីម្នាក់ផងដែរ ក្នុងនោះរួមមាន ៖ ១- ឈ្មោះ រី សុវិរៈ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង ២-ឈ្មោះ អ៊ុន ផារីម ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិត្រពាំងព្រះ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន។ ៣- ឈ្មោះ យី សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន និង៤- ឈ្មោះ លឹម ណាន ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន ។

ហើយសមត្ថកិច្ចក៏បានដកហូតម៉ូតូចំនួន៣គ្រឿងផងដែរ ដោយក្នុងនោះមានម៉ូតូម៉ាកវ៉េវ គ្មានផ្លា.កលេ.ខ និងម៉ូតូកែឆ្នៃបំពង់ស៊ីមាំងប្រ៊ែន ខុសលក្ខណៈបច្ចេកទេស ។ លុះនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកសំរោងទង កំពុងធ្វើការសាកសួរ រួចបំពេញនីតិវិធី និងចំណាត់ការ រួចក៏ប្រគល់ជូនយុវជនទំនើងទាំង៤នាក់នោះទៅឱ្យអាណាព្យាបាល និងឪពុកម្ដាយវិញ ដើម្បីនាំយកទៅអប់រំគ្រប់គ្រងបន្ដទៀត៕





