ឧកញ៉ាម្នាក់កែសម្ជស្សច្រមុះជួបបញ្ហា ខកចិត្តប្តឹងមណ្ឌលកែសម្ជស្ស «ផ្ការំដួល»
រាជធានីភ្នំពេញ ៖ មន្ត្រីប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ បានចុះធ្វើការឆែកឆេរនិងត្រួតពិនិត្យនៅមជ្ឈមណ្ឌលកែសម្ផស្សមួយកន្លែងមានយីហោ«ផ្ការំដួល» តាមកន្លងមកហើយមានបញ្ហា តែមជ្ឈមណ្ឌលនេះមិនទទួលខុសត្រូវ ។ ការត្រួតពិនិត្យនេះ បានធ្វើឡើងតាំងពីម៉ោង៧ព្រឹករហូតដល់ម៉ោង៧យប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ទើបរួចរាល់ ដែលមជ្ឈមណ្ឌលកែសម្ផស្សខាងលើស្ថិត នៅតាមផ្លូវលេខR៨ តំបន់បឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា ការចុះទៅត្រួតពិនិត្យទីតាំងខាងលើ គឺយោងតាមពាក្យបណ្តឹងរបស់ឧកញ៉ាម្នាក់ដែលបានមកធ្វើច្រមុះហើយខុសបច្ចេកទេស ក៏អាលែរហ្ស៊ីនិងបានទៅព្យាបាលរហូតដល់ប្រទេសថៃទើបបានធូរស្បើយ ។
សូមបញ្ជាក់ថា ក្នុងរង្វង់ប្រតិបត្តិការនេះដែរ គេឃើញមានវត្តមានមេធាវីជាច្រើនរូប បានទៅដល់ទីតាំងត្រួតពិនិត្យនេះ ដើម្បីធានាខ្លួនអ្នកបម្រើការទាំងអស់នៅក្នុងទីតាំងមជ្ឈមណ្ឌលកែសម្ផស្សនោះ ហើយដោយសារមានការមិនឯកភាពគ្នា ទើបមានការពន្យារពេលក្នុងការបន្តនីតិវិធី ។

ក្រោយពេលសមត្ថកិច្ចធ្វើត្រួតពិនិត្យអស់រយៈពេលប្រមាណ១២ម៉ោង ក៏មានការសម្របសម្រួលគ្នារវាងកម្លាំងនគរបាលគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងមេធាវី ដោយឃាត់ខ្លួនមនុស្សប្រុសស្រីតែចំនួន៤នាក់(ប្រុស២នាក់) ជាជនជាតិចិនដែលជាពេទ្យនិងជំនួយការ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ ។
ដោយឡែក អ្នកបម្រើការជាស្ត្រីជាង១០នាក់ទៀតដែលជាជនជាតិខ្មែរ ត្រូវបានក្រុមមេធាវីធ្វើការធានាឲ្យស្នាក់នៅទីតាំងមជ្ឈមណ្ឌលកែសម្ផស្សខាងលើជាបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធីនៅថ្ងៃស្អែក(៦ មករា)ទៀត ។ ចំពោះលទ្ធផលបែបណានោះ នៅមិនទាន់ដឹងនៅឡើយទេ ៕









