រថភ្លើងដឹកប្រេង បុករថយន្តព្រូសមួយគ្រឿង អូសជាច្រើនម៉ែត្រ រងការខូចខាតយ៉ាងដំណំនិងរបួសស្រាលមនុស្សម្នាក់នៅស្រុកមោងឫស្សី……
(ខេត្តបាត់ដំបង) ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវដែកនេះ បានកើតឡើងរវាងរថភ្លើងនិងរថយន្តនាវេលាម៉ោង ៩និង១១នាទីយប់ថ្ងៃទី១៦ខែឧសភាឆ្នាំ២០២០ នៅត្រង់ចំណុចក្រុមទី01 ភូមិរ៉ា ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានដែលនៅកន្លែងកើតហេតុបានឲ្យដឹងថានៅលើផ្លូវដែករថភ្លើងមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថភ្លើងដឹកប្រេង ដែលបើកបរដោយឈ្មោះ អួន សេថាវីត ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើកបរចេញពីរាជធានីភ្នំពេញឆ្ពោះទៅប៉ោយប៉ែតខេត្តបន្ទាយមានជ័យ លុះមកដល់ចំណុចកើតហេតុ បានបុករថយន្ត ១គ្រឿងម៉ាកតូយ៉ូតាព្រូសពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2-C9648 អ្នកបើកបរ ឈ្មោះ សល់ សុផល ភេទ ប្រុស អាយុ ២៦ឆ្នាំ រស់នៅក្រុមទី២ ភូមិកាឡោនភ្លុក ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ប្រភពដដែលបានបន្តទៀតថាមូលហេតុមកពីរថភ្លើងកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវដែកពីទិសជើងទៅត្បូង ហើយរថយន្តក៏បានបើកឆ្លងកាត់ផ្លូវដែកដែរដោយមិនបានមើលឆ្វេងស្តាំទើបបានជាបណ្ដាលឲ្យរថភ្លើងបុកពេញទំហឹងតែម្តង តែសំណាងគ្រាន់តែរបួសស្រាលមនុស្សម្នាក់ប៉ុណ្ណោះ។ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលស្រុកមោងឫស្សីបាន
ធ្វើកំណត់ហេតុនិងយករថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់ពេលក្រោយ៕



