ឥណ្ឌូណេស៉ីទំនងជានឹងផ្តល់សច្ចាប័នដល់ កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP នៅកំលុងត្រីមាសដំបូងនៃឆ្នាំ២០២២

(ហ្សាការតា)៖ លោក អ៊ែរឡាំងហ្កា ហាតាតូ (Airlangga Hartarto) រដ្ឋមន្រ្តីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចនៃប្រទេសឥណ្ឌូណេស៉ី បាននិយាយនៅថ្ងៃសុក្រនេះថា ឥណ្ឌូណេស៉ីទំនងជានឹងធ្វើការផ្តល់សច្ចាប័ន ចំពោះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ហៅកាត់ថា REC នៅកំលុងដើមឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១។


លោក Hartarto បានថ្លែងថា គណៈកម្មការរបស់សភាឥណ្ឌូណេស៉ី ដែលទទួលបន្ទុកលើច្បាប់ពាណិជ្ជកម្ម បានអនុញ្ញាតឱ្យធ្វើការផ្តល់សច្ចាប័ននេះហើយ ខណៈការបោះឆ្នោតអនុម័តជាផ្លូវការ ទំនងជានឹងត្រូវរៀបចំឡើង នៅកំលុងត្រីមាសទី១ នៃឆ្នាំ២០២២។ បន្ទាប់មកប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) នឹងចុះហត្ថលេខាលើការផ្តល់សច្ចាប័ន ក្រោយការអនុម័តរបស់សភា។


គួរបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតលើពិភពលោក ត្រូវសម្រេចបានដោយប្រទេសចំនួន១៥ នៅតំបន់អាស៉ី-ប៉ាស៉ីហ្វិក។ ក្នុងនោះប្រទេសចំនួន១០ ជាសមាជិករបស់អាស៊ាន ហើយ៥ប្រទេសទៀតរួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងនូវែលសេឡង់។
មកទល់ពេលនេះ ប្រទេសអាស៊ានចំនួន៦ គឺព្រុយណេ កម្ពុជា ឡាវ សិង្ហបុរី ថៃ និងវៀតណាម ព្រមទាំងចិន ជប៉ុន អូស្រ្តាលី និងនូវែលសេឡង់ បានផ្តល់សច្ចាប័នរួចរាល់ ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ដែលបើកផ្លូវអាចឱ្យវាចូលជាធរមានបាន នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram