ក្រុមក្មេងទំនើងមួយក្រុមមានគ្នាជាច្រើននាក់ប្រដាប់ដោយដាវ កាំបិតគ្រប់ដៃ បាននាំគ្នាព្រួតវាយ និងកា.ប់ទៅលើក្រុមក្មេងទំនើងមួយក្រុមទៀត ធ្វើឱ្យរត់ប្រសាចពេញមុខសួនច្បារបទុមវតី
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្រុមក្មេងទំនើងមួយក្រុមមានគ្នាជាច្រើននាក់ប្រដាប់ដោយដាវ កាំបិតគ្រប់ដៃ បាននាំគ្នាព្រួតវាយ និងកា.ប់ទៅលើក្រុមក្មេងទំនើងមួយក្រុមទៀត ធ្វើឱ្យរត់ប្រសាចពេញមុខសួនច្បារបទុមវតី ហើយគ្រានោះក៏បានកា.ប់ត្រូវយុវជនម្នាក់បណ្តាលរបួសក្បាល និងដៃឈា.មស្រោចពេញខ្លួន រងរបួសធ្ងន់ ហើយត្រូវបានមិត្តភក្តិដឹកទៅព្យាបាលរបួសនៅមន្ទីរពហុព្យាបាលសុខចិត្តដូនពេញ តែក៏ត្រូវជនបង្កបានលើកគ្នាដេញតាមកា.ប់ជនរងគ្រោះរហូតដល់មន្ទីរពេទ្យទៀត ផ្អើលទាំងគ្រូពេទ្យ និងជនរងគ្រោះរត់ចែកជើងគ្នាម្តងទៀត បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ នៅចំណុចផ្លូវលេខ៤៧ មុខមន្ទីរពហុព្យាបាល សុខចិត្តដូនពេញ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

បើតាមប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់អោយដឹងថា មុនកើតហេតុ ពួកគេមានគ្នា៨នាក់ ក្នុងនោះស្រី៣នាក់ បានអង្គុយលេងនៅសួនច្បារវត្តបទុមវតី លុះដល់ម៉ោងពួកគេក៏នាំគ្នាជិះត្រឡប់ទៅផ្ទះវិញជាធម្មតា ។
ជនរងគ្រោះបន្តខាង ខណៈពេលជិះមកដល់ខាងជើងសួនច្បារ នៅជិតមន្ទីរពេទ្យគន្ធបុប្ផា២ ស្រាប់តែលេចមុខក្រុមក្មេងទំនើងដែលមានរហ័សនាមថា «ក្រុមបុរីកីឡា» មានគ្នាជាច្រើននាក់ ជិះម៉ូតូជាច្រើនគ្រឿងប្រដាប់ដោយដាវ កាំបិត ពូថៅ បានមកព្រួតវាយ និងកា.ប់មកលើពួកគាត់តែម្តង ទាំងដែលពួកគាត់មិនដែលមានជម្លោះអ្វីជាមួយនឹងក្រុមនោះឡើយ ធ្វើអោយពួកគាត់ភ័យស្លន់ស្លោ ក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួន តែមិត្តភក្តិរបស់ខ្លួនម្នាក់រត់មិនរួច ក៏ត្រូវក្រុមក្មេងទំនើងទាំងនោះ នាំគ្នាព្រួតវាយ និងកា.ប់បណ្តាលរងរបួសរយះក្បាល និងដៃស្តាំធ្ងន់ធ្ងរ បន្ទាប់មកជនបង្កទាំងនោះក៏បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនអស់ ។
ប្រភពពីជនរងគ្រោះដដែលបានបន្តទៀតថា ពួកគេ (ក្រុមជនបង្ក) ធ្លាប់ស្គាល់គ្នាកន្លងមក តែមិនដែលមានទំនាស់នឹងគ្នាទេ ។ បន្ទាប់ពីជនបង្ករត់គេចខ្លួនអស់ ពួកខ្លួនក៏មកយកមិត្តភក្តិរងរបួសទៅព្យាបាលនៅមន្ទីរពហុព្យាបាល ( សុខចិត្ត ដូនពេញ ) ប៉ុន្តែខណៈពេលជិះម៉ូតូទៅដល់មុខមន្ទីរពេទ្យ ស្រាប់តែលេចមុខក្រុមជនបង្កដដែលនោះម្តងទៀត ហើយបានកើនគ្នាមកច្រើនជាងមុន ដោយក្នុងដៃប្រដាប់ដោយដំបង កាំបិត ដាវ ពូថៅគ្រប់ដៃ បាននាំគ្នាដេញវាយ និងកា.ប់ពួកខ្លួនទៀត ធ្វើអោយពួកខ្លួនភ័យក៏រត់ចូលក្នុងមន្ទីរពេទ្យផ្អើលទាំងគ្រូពេទ្យ រត់ចែកជើងគ្នា និងទាញទ្វារបិទជិតឈឹងតែម្តង ។
ប្រភពដដែលបន្តទៀតថា ក្រោយមកវក្រុមក្មេងទំនើងបង្កទាំងនោះ ក៏ព្រួតគ្នាកា.ប់ម៉ូតូពួកខ្លួន បណ្តាលឲ្យរងការខូចខាតចំនួន៣គ្រឿង និងលួចយកកាតគ្រីម៉ូតូទៅជាមួយផងដែរ ។ បន្ទាប់មក ក្រុមជនបង្កទាំងនោះក៏បាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់ និងបោះពាក្យសម្តីថា «អញនៅក្រុមបុរីកីឡា» ។
ក្រោយពេលកើតហេតុ ក្រុមជនរងគ្រោះ បានសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យនោះ ដើម្បីរង់ចាំរបួសបានធូរស្បើយ ទើបទៅដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវតាមរកជនបង្កមកចាត់ការតាមនីតិវិធី ៕






