ប៉ូលីសចាប់រថយន្តនិងមនុស្ស២នាក់ ប៉េអឹមឃាត់បាន១២នាក់ទៀត ករណីប្លន់គ្រឿងពេជ្រអ្នកលក់ឡេ អ៊ាន សៀវម៉ី តម្លៃ១.៩លានដុល្លារ
រាជធានីភ្នំពេញ ៖ ករណីបង្ក្រាបក្រុមចោរប្លន់គ្រឿងពេជ្ររបស់អ្នកលក់ឡេដ៏ល្បីឈ្មោះលោកស្រី អ៊ាន សៀវម៉ី កំពុងធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលផងដែរនោះ ត្រូវបានកម្លាំងប៉ូលីសធ្វើការចាប់បានរថយន្តមួយគ្រឿង ចំណែកឯ កម្លាំងកងរាជអាវុធហត្ថ ចាប់បានក្រុមជនសង្ស័យ ។

ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការននគរបាលជាតិ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងនាយកដ្ឋានជំនាញពាក់ព័ន្ធ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បានស្រាវជ្រាវ និងដេញឃាត់បានរថយន្ត ដែលជនសង្ស័យបានប្រើប្រាស់ក្នុងករណីប្លន់កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបុរីញូថោន ខណ្ឌពោធិ៍សែនជ័យ ។
ដោយស្ថានភាពងងឹតខ្លាំង កម្លាំងជំនាញបានប្រដេញរថយន្តនេះ រហូតជនសង្ស័យបានបើកទ្វារលោតគេចខ្លួនចូលក្នុងគម្ពោធព្រៃ ពេលនោះ សមត្ថកិច្ចកំពុងធ្វើការឡោមព័ទ្ធទីតាំងនោះ ដើម្បីបន្តរុករកជនសង្ស័យ ដែលរត់គេចខ្លួន ។ ដោយពិនិត្យឃើញមានដបសាំងក្នុងរថយន្ត សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាបឋមថា ជនសង្ស័យមានបំណងបើករថយន្តទៅកន្លែងស្ងាត់ ដើម្បីដុតកម្ទេចចោល បំណងបំផ្លាញភស្តុតាង ។
សមត្ថកិច្ចចម្រុះ នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ បានធ្វើការឡោមព័ទ្ធ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ប្រុស១នាក់ ស្រី១នាក់ ហើយនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ សមត្ថកិច្ចកំពុងយកទៅធ្វើការសាកសួរបន្ត នៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ។
ចំណែកឯ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញវិញ ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ ដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន៥ដើម (វែង១ដើម ខ្លី៤ដើម) និងឃាត់ខ្លួនក្រុមជនសង្ស័យចំនួន១២នាក់ (ប្រុស៩នាក់ ស្រី៣នាក់) ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ ។
បើតាមរូបភាពក្នុងការចាប់ឃាត់ខ្លួនមនុស្សចំនួន១២នាក់ គឺមានលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលអាចជាប់ពាក់ព័ន្ធករណីជាមួយក្រុមចោរប្លន់ អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី ដែរ ។
សូមជំរាបថា ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី ត្រូវបានចាប់ខ្លួនបានហើយជាង១០នាក់ ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ។ នៅក្នុងការបង្ក្រាបនេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាននៅអាវុធវែងខ្លីចំនួន៥ដើម (វែង១ដើម ខ្លី៤ដើម) និងគ្រឿងអលង្ការមួយចំនួន នៅទីតាំងក្នុងវីឡាមួយ ស្ថិតនៅក្នុងបុរី ប៉េងហួត ផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សូមរម្លឹកថា ក្រុមចោរ មានគ្នា ៤នាក់ បានជិះឡានទំនើបមួយគ្រឿង ចូលប្លន់ដល់ក្នុងភូមិគ្រឹះរបស់ឧកញ៉ា លក់ឡេ អ៊ាន សៀវម៉ី នៅក្នុងបុរីមូនថោន ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដោយប៉ូលិសមូលដ្ឋាន ភ្លាមៗអះអាងប្រាប់អ្នកកាសែតថា ចោរប្លន់ប្រដាប់អាវុធ ១ក្រុមនោះ មានគ្នាប្រមាណ ៤នាក់ ជិះរថយន្តម៉ាកឡិចស៊ី GS-300 មួយគ្រឿង បានចូលទៅធ្វើសកម្មភាពប្លន់ឧកញ៉ា អ៊ាន សៀវម៉ី ដែលជាអ្នកលក់ឡេដ៏ល្បីម្នាក់ ដល់ភូមិគ្រឹះតែម្តង ដោយយកគ្រឿងអលង្ការពេជ្រ និងលុយ ។ បន្ទាប់មកក៏ក្រុមចោរប្លន់នោះ ក៏បានបើករថយន្តគេចខ្លួនទៅបាត់ដោយសុវត្ថិភាព ។
យោងតាមរបាយការណ៍ របស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជំហ៊ានដំបូងសមត្ថកិច្ចជំនាញបានធ្វើការសាកសួរជនរងគ្រោះលើករណីប្លន់អ្នកលក់ឡេ អ៊ាន សៀវមី ជាពិសេសចំពោះទ្រព្យសម្បត្តិដែលបានបាត់បង់ បន្ទាប់ពីកើតហេតុភ្លាមៗ ជនរងគ្រោះនៅមានអារម្មណ៍តក់ស្លុត ភ័យខ្លាច និងមិនទាន់បានពិនិត្យឱ្យបានច្បាស់លាស់អំពីការបាត់បង់ទាំងនោះ។ រហូតមកដល់ថ្ងៃទី២០ ធ្នូ សមត្ថកិច្ចចម្រុះបានធ្វើការសាកសួរបញ្ចប់ជាមួយជនរងគ្រោះលើការបាត់បង់សរុបក្នុងករណីប្លន់នោះ។ បន្ទាប់ពីជនរងគ្រោះសម្រួលអារម្មណ៍ បាត់ភ័យខ្លាច និងបានត្រួតពិនិត្យច្បាស់លាស់អំពីទ្រព្យសម្បត្តិដែលបានបាត់បង់ ដោយបានបញ្ជាក់តម្លៃជាមួយហាងលក់ពេជ្រដែលគាត់តែងតែទិញយកមកប្រើប្រាស់គឺ សម្ភារដែលបានបាត់បង់រួមមានខ្សែកពេជ្រធំចំនួន ៣ខ្សែ និងគ្រឿង អល័ង្កា(ពេជ្រ) មួយចំនួនទៀត ដោយយោងលើវិក័យបត្រ ទិញ-លក់ គិតជាទឹកប្រាក់សរុបប្រហែលជា ១.៦លាន ទៅ ១.៩លានដុល្លារ និងទូរស័ព្ទដៃម៉ាក iPhone ចំនួន ២គ្រឿងផងដែរ ។ទោះយ៉ាងនេះក៏ដោយ ក្រៅពីចាប់ខ្លួនជនសង្ស័យទាំង១៤នាក់ (ប៉េអឹមចាប់បាន១២នាក់ និងប៉ូលីសចាប់បានរថយន្តរួមនឹងមនុស្ស ២នាក់ទៀត) សមត្ថកិច្ចចម្រុះកំពុងតែបន្តនិតិវិធីលើមនុស្សពាក់ព័ន្ធ ក្នុងចំណោមមនុស្សដែលឃាត់ខ្លូនខាងលើ ដើម្បីធ្វើការស្រាវជ្រាវបន្ថែមទៀតផងដែរ ៕
























