ក្មេងទំនើងអុកឡុកវាយគប់ផ្ទះសម្បែងទ្រព្យសម្បត្តិពលរដ្ឋគ្មានញញើតដៃសោះនៅខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋខេត្តស្ទឹងត្រែងហាក់ព្រួយបារម្ភជាខ្លាំង ខណៈភាពអសន្តិសុខកើតឡើងយ៉ាងផុលផុស ភូមិឃុំមានសុវត្ថិភាពត្រូវបាត់បង់ ដោយសារក្រុមក្មេងទំនើងរាតត្បាតវាយកម្ទេច គប់ កាប់ ទ្រព្យសម្បត្តិប្រជាជនក្នុងក្រុង ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋអោយដឹងថា នាពេលយប់ក្រុមក្មេងទំនើងបានប្រមូលផ្តុំគ្នានៅសួនច្បារទល់មុខសាលាខេត្ត និងសួនច្បារទល់មុខសាលាវិទ្យាល័យព្រះរាជបូជនីយកិច្ច កាន់កាំំបិតដាវ ជ្រលរ កាប់អ្នកធ្វើដំណើរ ជិះម៉ូតូបង្ហោះ ប្រដេញគ្នា កាន់ជំពាម ជិះម៉ូតូបាញ់កញ្ចក់ទ្វាបង្អួចផ្ទះ ប្រជាពលរដ្ឋ សម្ងំនៅកន្លែងងឹត ចាំគប់កញ្ចក់រថយន្តអ្នកធ្វើដំណើរនៅផ្លូវជាតិលេខ៩ លើផ្លូវបំបែកភូមិបាចុង សង្កាត់ព្រះបាទជាដើម ។
ជាក់ស្តែង កាលពីកន្លងទៅថ្មីៗកំឡុងពេលយប់ក្រុមក្មេងទំនើងបានប្រើប្រាស់កាំបិត ដាវ កាប់បំផ្លាញទៅលើម៉ូតូ ប្រជាពលរដ្ឋដោយគ្មានមូលហេតុ កាប់ និងវាយបំផ្លាញទូដាក់គ្រឿងសម្ភារៈលក់ អាហាររបស់អាជីវករ នៅទល់មុខមន្ទីរពាណិជ្ជកម្ម តាមបណ្តោយផ្លូវ មាត់ទន្លេ ។ ហើយនៅយប់ថ្ងៃទី៤ ខែធ្នូ ក្រុមក្មេងទំនើងបានប្រើប្រាស់ដុំថ្មីគប់បំបែកកញ្ចក់ផ្ទះប្រជាពលរដ្ឋនៅភូមិបាចុង សង្កាត់ព្រះបាទ ផងដែរ ។
ទាក់ទិនសកម្មភាពក្រុមក្មេងទំនើងបង្កការអុកឡុកក្នុងខេត្តនេះពុំទាន់មានវិធានការចុះបង្ក្រាបពីកងកម្លាំងនគរបាលនោះទេ ។ ចំណែកការទំនាក់ទំនងរវាងអ្នកសារព័ត៌មានទៅលោកស្នងការនគរបាលខេត្តហាក់ដូចមិនអាចទំនាក់ទំនងបានស្ទើររាល់ព័ត៌មានសន្តិសុខទូទៅបច្ចុប្បន្ន ដោយសារទូរស័ព្ទរបស់លោកខលចូលហើយពុំមានការឆ្លើយតប ចំណែកចាប់ពីអធិការ នាយការិយាល័យរហូតដល់ស្នងការរងទទួលផែននីមួយៗ ក៏មិនអាចផ្តល់ព័ត៌មានអោយអ្នកកាសែតដែរ គ្រាន់តែលួចប្រាប់បន្តិចបន្តួច និងស្នើសុំអោយជួយលាក់ប្រភព ដោយសារបំរើការងារនៅក្រោមឱវាទគេ ៕








