លោក បៃដិន និងលោក ពូទីន ត្រៀមជួបគ្នានៅសប្តាហ៍ក្រោយ ដើម្បីជជែកអំពីស្ថានការណ៍តានតឹង ពាក់ព័ន្ធអ៊ុយក្រែន

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នឹងជួបគ្នាតាមប្រព័ន្ធវីដេអូអនឡាញ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីស្ថានការណ៍ដែលកំពុងមានភាពតានតឹង ទាក់ទងនឹងប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ឆ្នាំ២០២១។


អ្នកនាំពាក្យសេតវិមានអាមេរិកលោកស្រី ចេន ផ្សាគី (Jen Psaki) បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «លោក បៃដិន នឹងសង្កត់ធ្ងន់អំពីក្តីបារម្ភរបស់សហរដ្ឋអាមេរិក ជុំវិញសកម្មភាពយោធារុស្ស៉ី នៅតាមបណ្តោយព្រំប្រទល់ជាមួយអ៊ុយក្រែន ហើយលោកក៏នឹងបញ្ជាក់សាជាថ្មីផងដែរ នូវការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោន ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន»។
ចំណែកវិមានក្រឹមឡាំងរុស្ស៉ីវិញ បានប្រាប់ថា ទំនាក់ទំនងទ្វេភាគី, ការអនុវត្តការព្រមព្រៀងគ្នាដែលសម្រេចបាន នៅទីក្រុងហ្សឺណែវ កាលពីខែមិថុនាកន្លងទៅ ហើយប្រាកដណាស់គឺអ៊ុយក្រែន នឹងជារបៀបវារៈចម្បងនៃជំនួបនាសប្តាហ៍ក្រោយ រវាងប្រធានាធិបតីអាមេរិក និងប្រធានាធិបតីរុស្ស៉ី។
គួរបញ្ជាក់ថា រុស្ស៊ីត្រូវបានគេរាយការណ៍ថាបានប្រមូលផ្ដុំកងទ័ពជិត ១០០,០០០នាក់នៅក្បែរព្រំដែនអ៊ុយក្រែន ហើយចំនួនកងទ័ពដ៏ច្រើននេះបង្កការព្រួយបារម្ភថា ទីក្រុងម៉ូស្គូ កំពុងត្រៀមលក្ខណៈវាយប្រហារលើអ៊ុយក្រែន។ ប៉ុន្តែ រុស្ស៊ីបានច្រានចោលការចោទប្រកាន់បែបនេះ។ ដោយឡែក លោក ចូ បៃដិន ក៏បានសន្យាដែរថា លោកនឹងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បរារាំងកុំឱ្យរុស្ស៊ីបើកការវាយប្រហារលើ ប្រទេសអ៊ុយក្រែន ដែលក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក ព្រមានថាអាចនឹងកើតឡើងនៅខែមករា ឆ្នាំ២០២២។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram