ក្រសួងធនធានទឹក និងឧតុនិយម ព្យាករណ៍ថា រដូវវស្សាឆ្នាំនេះ មានភ្លៀងធ្លាក់រាយប៉ាយល្អលើផ្ទៃប្រទេស…
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម ព្យាករណ៍ថា រដូវវស្សាឆ្នាំ២០២០នេះ នឹងមានភាពល្អប្រសើរ ដោយតាមការសិក្សា និងព្យាករណ៍ពីមន្ត្រីជំនាញ បង្ហាញថា ចំនួនទឹកភ្លៀងនឹងមានការធ្លាក់ចុះមករាយប៉ាយល្អ ជាងកាលពីរដូវវស្សាឆ្នាំ២០១៩ កន្លងទៅ។ ឯកឧត្តម ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ប្រាប់ BTV ថា តាមការព្យាករណ៍បង្ហាញថា រដូវវស្សាឆ្នាំ២០២០នេះ កម្ពុជានឹងមានរបាយទឹកភ្លៀងធ្លាក់រាយប៉ាយល្អប្រសើរលើផ្ទៃប្រទេស។ ជាពិសេសការធ្លាក់ចុះនូវ បាតុភូត El Nino ដែលបានជះឥទ្ធិពលកាលពីឆ្នាំ២០១៩ និងដើមឆ្នាំ ២០២០ មានការធ្លាក់ចុះជាបន្តបន្ទាប់។ ការធ្លាក់ចុះបាតុភូ El Nino នេះ នឹងធ្វើឱ្យរបាយទឹកភ្លៀងធ្លាក់រាយប៉ាយ ពុំបង្កឱ្យតំបន់មួយចំនួនជួបគ្រោះរាំងស្ងួតខ្លាំង ដូចកាលពីឆ្នាំ ២០១៩នោះទេ។
អ្នកនាំពាក្យរូប ដដែលបន្តថា ទោះបីការព្យាករណ៍បង្ហាញថា របាយទឹកភ្លៀងរដូវវស្សាឆ្នាំ២០២០នេះ នឹងធ្លាក់ចុះរាយប៉ាយល្អប្រសើរយ៉ាងណាក្ដី ក៏ក្រសួងធនធានទឹកបានត្រៀមខ្លួនជាស្រេចសម្រាប់ការជួយសង្គ្រោះក្នុងករណី អវិជ្ជមានណាមួយកើតឡើងផងដែរ។ ឯកឧត្តម បញ្ជាក់ថា ពិតណាស់សព្វថ្ងៃហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រពុំទាន់គ្របដណ្ដប់លើគ្រប់ផ្ទៃដីកសិកម្ម១០០% នោះទេ។
ក្រោមហេតុផលនេះ ក្រសួងក៏ដូចជាគ្រប់មន្ទីរធនធានទឹកតាមបណ្ដាខេត្តទាំងអស់ ត្រៀមចុះជួយអន្តរាគមន៍ នៅទីតាំងដែលហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រពុំទាន់ទៅដល់ ដោយក្រសួងមានមធ្យោបាយត្រៀមជាស្រេចដើម្បីសង្គ្រោះ។ មធ្យោបាយដែលអ្នកនាំពាក្យបញ្ជាក់នេះ គឺគ្រឿងចក្រធុនធ្ងន់ និងម៉ាស៊ីនបូមទឹកចល័ត ដែលអាចប្រើប្រាស់ជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។
បើតាមការព្យាករណ៍ប្រចាំសប្ដាហ៍របស់ក្រសួងធនធានទឹក បង្ហាញថា ចាប់ពីថ្ងៃទី ១៣ដល់ថ្ងៃទី ១៨ ខែឧសភា បង្ហាញថា ជ្រលងនៃសម្ពាធទាបបានបង្កើនឥទ្ធិពលមកលើភាគពាយ័ព្យ និងខាងជើងកម្ពុជា ហើយថ្ងៃទី១៥ ឧសភា របបខ្យល់មូសុងនិរតី បក់មកកម្ពុជា ជាមួយនឹងការចាប់ផ្ដើមនៃរដូវវស្សា។ ក្នុងការព្យាករណ៍ដដែលនេះ ក៏បញ្ជាក់ឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជាពិសេសសម្រាប់ខេត្តមួយចំនួន ដូចជា បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង សៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារផងដែរ៕


